យោធភូមិភាគទី៥ ប្តេជ្ញាក្នុងការទប់ទល់ជាមួយពួកក្បត់ជាតិ ទាំងក្រៅស្រុក និងក្នុងស្រុក ហើយប្រកាសទៀតថា ឲ្យតែមានការបះបោរ ធ្វើបដិវត្តពណ៌.....
(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរងនាយសេនាធិការ យោធភូមិភាគទី៥ បានប្រកាសថា យោធភូមិភាគទី៥ ប្តេជ្ញាក្នុងការទប់ទល់ជាមួយពួកក្បត់ជាតិ ទាំងក្រៅស្រុក និងក្នុងស្រុក ហើយប្រកាសទៀតថា ឲ្យតែមានការបះបោរ ធ្វើបដិវត្តពណ៌ ចង់ធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលណាមួយ គឺត្រូវតែកម្ទេចចោល។
ការប្រកាសរបស់លោកឧត្តមសេនីយ៍ទោ បានធ្វើឡើងនាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩នេះ ក្នុងឱកាសអញ្ជើញចុះសំណេះសំណាលកងកម្លាំងវរសេនាតូចថ្មើរជើងលេខ៥១៤ ត្រៀមធ្វើយុទ្ធដំណើរទ័ព សហការជាមួយរថក្រោះបាញ់គ្រាប់ពិត នៅទីលានបាញ់គ្រាប់ពិតមរតតេជោភ្នំវាលចាបរយៈពេល ២ថ្ងៃ។
លោកឧត្តមេសនីយ៍ សេង ធារិន បានដាក់ចេញបទបញ្ជាដល់កងទ័ពទាំងអស់ ចំណុះកងពលត្រូវត្រៀមលក្ខណៈឲ្យបានគ្រប់គ្រាន់ ទប់ទល់និងសភាពការណ៍ ដែលបានកើតឡើងជាយថាហេតុ ពិសេសគឺត្រូវគោរពបទបញ្ជារង់ចាំបទបញ្ជា និងអនុវត្តន៍បទបញ្ជាឲ្យបានដាច់ខាត។
លោកបញ្ជាក់ថា៖ «ត្រូវទប់ទល់ជាមួយពួកក្បត់ជាតិទាំងក្រៅស្រុក និងក្នុងស្រុក ឲ្យតែមានការបះបោរ ធ្វើបដិវត្តន៍ណាមួយ គឺត្រូវតែកម្ទេចចោល»។
ក្នុងនោះដែរលោក សេង ធារិន បានណែនាំដល់ក្រុមការងារ ដែលតែចុះធ្វើលំហាត់ជាក់ស្តែងត្រូវ ខិតខំហ្វឹកហាត់ និងបទពិសោធពីគ្នាទៅវិញទៅមកពី ភាគីមិត្ត ដើម្បីធ្វើយ៉ាងណា ឲ្យដំណើរធ្វើលំហាត់នេះប្រព្រឹត្តទទួលបានលទ្ធផលល្អ ធានាឆ្លើយតបបានទាន់ពេលវេលានៅពេលកើតមានឡើងនូវគ្រោះមហន្តរាយណាមួយជាយថាហេតុតាមបណ្តោយព្រំដែន៕