ប្រកាសតែងតាំង ចូលកាន់តំណែងអភិបាល អភិបាលរង និង នាយករដ្ឋបាលសាលាស្រុកស្វាយលើ
ខេត្តសៀមរាប៖នាព្រឹកថ្ងៃទី០៣ ខែ តុលា ឆ្នាំ២០១៩ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាបបានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំង ចូលកាន់តំណែងអភិបាល អភិបាលរង និងនាយករដ្ឋបាលសាលាស្រុកស្វាយលើ ដោយលោក អៀង ពិសិដ្ឋ ឋានន្តរសកិ្តវរៈមន្ត្រីថ្នាក់លេខ៤ អភិបាលរងស្រុកសូទ្រនិគម ត្រូវបានចូលកាន់តំណែងជាអភិបាលស្រុកស្វាយលើ ខេត្តសៀមរាប ជំនួសលោក ស៊ិក ប៊ុនស៊ិន អតីតអភិបាលស្រុក ដែលត្រូវបានចូលនិវត្ត និងប្រកាសអភិបាលរងស្រុក១រូប នាយករដ្ឋបាលសាលាស្រុក១រូប នៅរដ្ឋបាលសាលាស្រុកស្វាយលើ ។
បន្ទាប់ពីកិច្ចស្វាគមន៍របស់លោកអភិបាលស្រុកស្តីទី និងសេចក្តីរបាយការណ៍ស្តីពីសមិទ្ធផលដែលបានកសាង និងអភិវឌ្ឍន៍ក្នុងស្រុក ព្រមទាំងការងារសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងបានលើនូវបញ្ហាប្រឈម និង ឧបសគ្គមួយចំនួន និង ការកំណត់ដែនសមត្ថកិច្ចការទទួលខុសត្រូវរវាងស្ថាប័នជាតិ និងថ្នាក់ក្រោមជាតិ ដើមី្បឲ្យការអនុវត្តភារកិច្ច ទទួលខុសត្រូវក្នុងកិច្ចការរដ្ឋបាលថ្នាក់ក្រោមជាតិឲ្យកាន់តែមានប្រសិទ្ធភាព។
លោក សន សេរីវុទ្ធី នាយកទីចាត់ការធនធានមនុស្ស នៃសាលាខេត្ត បានអាននូវអនុក្រិត្យរបស់រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសតែងតាំងលោក អៀង ពិសិដ្ឋ ឲ្យកាន់មុខតំណែងជាអភិបាលនៃគណៈអភិបាលស្រុកស្វាយលើ ខេត្តសៀមរាប ដើម្បីដឹកនាំការអភិវឌ្ឍន៍គ្រប់វិស័យបន្តជំនួស លោក ស៊ិក ប៊ុនស៊ិន អតីតអភិបាលស្រុក ដែលត្រូវបានចូលនិវត្ត។
បន្ទាប់ពីគណៈអធិបតីប្រគល់អនុក្រឹត្យ និង ត្រា ព្រមទាំងការប្តេជ្ញាចិត្តរបស់លោកអភិបាល អភិបាលរងស្រុកដែលទើបទទួលបានការតែងតាំងថ្មីរួចមក ឯកឧត្តម ទៀ សីហា ក៏បានធ្វើការបញ្ជាក់ផងដែរថា តាមច្បាប់ក្រឹត្យក្រមរបស់មន្ត្រីរាជការគ្រប់រូប ជាគណៈអភិបាលខេត្ត ក្រុង ស្រុក ដែលបានបម្រើការងារគ្រប់ អាណត្តិរបស់ខ្លួន ឬក៏បានគ្រប់អាយុបំពេញការ ងារ គឺត្រូវចូលនិវត្តន៍ មិនថាថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកឡើយ។
ការប្រកាសចូលកាន់តំណែងជាអភិបាលស្រុកនេះ ក៏មានការជឿជាក់យ៉ាងច្បាស់ពីរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ និងអាជ្ញាធរខេត្តចំពោះមន្ត្រី ថ្នាក់ដឹកនាំនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលជាការលើកទឹកចិត្តដល់មន្ត្រី ឲ្យបន្តខិតខំបំពេញភារកិច្ច ក្នុងការបម្រើជាតិមាតុភូមិ។ ម៉្យាងទៀតក៏ជាគោលការណ៍របស់រាជរដ្ឋាភិបាល ក្នុងការរៀបចំនូវរចនាសម្ព័ន្ធក្បាលម៉ាស៊ីដឹកនាំថ្នាក់ក្រោមជាតិ ដើមី្បឆ្ពោះទៅរកកិច្ចអភិវឌ្ឍន៍មូលដ្ឋានភូមិឃុំ ក្នុងការបម្រើដល់តម្រូវការផលប្រយោជន៍របស់ប្រជាជនផងដែរ៕