ស្ថានភាពកម្រិតកម្ពស់ទឹកទន្លេមេគង្គក្នុងខេត្តក្រចេះបានហក់ឡើង ខណៈកត្តាប្រព័ន្ធសម្ពាធទាបនៅបន្តអូសបន្លាយ
ខេត្តក្រចេះ ៖ យោងតាមសេចក្តីជូនដំណឹងពីក្រសួងធនធានទឹក និងឧតុនិយមឲ្យដឹងថា ដោយព្រះរាជាណាចក្រកម្ពុជារងនូវប្រព័ន្ធសម្ពាធទាបបាននិងកំពុងអូសបន្លាយ និងដោយសារការបើកអាងស្តុក នៅទឹកទំនប់វារីអគ្គិសនីមកពីខេត្តអត្តពឺ នៃប្រទេសឡាវធ្វើឲ្យស្ថានភាពកម្រិតកម្ពស់ទឹកទន្លេមេគង្គក្នុងខេត្តក្រចេះកំពុងបន្តហក់ឡើងពីមួយថ្ងៃទៅមួយថ្ងៃឥតឈប់ឈរ។
បើយោងតាមព័ត៌មានពីរដ្ឋបាលខេត្តអត្តពឺបានជូនព័ត៌មានមកអាជ្ញាធរខេត្តស្ទឹងត្រែង សូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះធម្មជាតិនេះ ដែលអាចកើតមានឡើងជាយថាហេតុ ដូចខេត្តមួយចំនួននៅក្នុងព្រះរាជាណាចក្រកម្ពុជាយើងកាលពីពេលថ្មីៗ កន្លងទៅនេះ។
ដោយឡែកសម្រាប់អាកាសធាតុនៅក្រចេះ សម្រាប់ព្រឹកថ្ងៃទី១៦ តុលា ២០២០ នេះ គឺអាកាសធាតុត្រជាក់ ផ្ទៃមេឃមានពពកខ្មៅ គ្មានពន្លឺថ្ងៃ និងមានភ្លៀងរលឹមស្រិចៗផងដែរ។ ឯស្ថានភាពកម្រិតកម្ពស់ទឹក ទន្លេមេគង្គក្រចេះ គិតត្រឹមព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០នេះ នៅស្ថានីយជលសាស្ត្រក្រចេះ មានកម្ពស់ ១៧.៣៤ម៉ែត្រ ខណៈថ្ងៃម្សិលទឹកមានកម្ពស់១៧.១៨ម៉។ ទោះបីជាយ៉ាងនេះក្តី ស្ថានភាពទឹកទន្លេមេគង្គឆ្នាំនេះ នៅទាបជាងកម្រិតកម្ពស់ទឹក ដែលមិនអាចហូរចូលអាងស្តុកទឹកទុក នៅក្នុងបឹងនានានៅឡើយទេ ហើយរហូតមកដល់ពេលនេះក្រុង ស្រុកទាំង៦ នៅក្នុងខេត្តក្រចេះ ក៏ពុំទាន់មានស្រុកណាមួយទទួលរងគ្រោះដោយជំនន់ទឹកភ្លៀងនេះនៅឡើយដែរ។
ចំពោះមុខនេះ អាជ្ញាធរខេត្តក្រចេះបាននិងកំពុងយកចិត្តទុកដាក់ និងត្រៀមលក្ខណៈ រួចជាស្រេចទៅលើការរៀបចំទីទួលសុវត្ថិភាពដែលរួមមាន ៖ ទួលតាឃីន, ទួលក្បាលកឋម, កោះសុក្រម និងបានត្រៀមកងកម្លាំងអន្តរាគមន៍ ទាំងបីប្រភេទសម្រាប់បង្ការសង្គ្រោះបន្ទាន់នូវគ្រោះមហន្តរាយធម្មជាតិជូនបងប្អូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។ ប្រសិនបើមានជំនន់ទឹកភ្លៀងកើតឡើងនៅតំបន់ណាមួយនោះ៕