ឯកឧត្តមរដ្ឋមន្ត្រីកសិកម្មអញ្ជើញមកពិនិត្យស្ថានភាពដំណាំបន្លែក្រោយពេលទឹកស្រក
កម្មវិធីទី១នៃដំណើរបេសកកម្មថ្ងៃដំបូងនៅខេត្តសៀមរាបនាព្រឹកថ្ងៃអង្គារ១១កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ឯកឧត្តមរដ្ឋមន្ត្រី ឯកឧត្តមរដ្ឋលេខាធិការ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម និងអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វបានអញ្ជើញមកពិនិត្យស្ថានភាពដំណាំបន្លែក្រោយពេលទឹកស្រក មានល្ពៅ ពោត ហើយច្រើនជាងគេគឺត្រសក់ ទ្រើងសរុបជាង ១០ហ.ត ដែលត្រូវបានទឹកជំនន់មកបំផ្លាញខូចខាតស្ទើរគ្មានសល់ របស់ប្រជា កសិករនៅភូមិភ្លោះ ឃុំលាងដៃ ស្រុកអង្គរធំ។ បងស្រី ហ៊ុន ពី ដំណាងឲ្យកសិកររងគ្រោះ បានរៀបរាប់ជូនឯកឧត្តមរដ្ឋមន្រ្តីថានេះជាការដាំលើកទី២ បន្ទាប់ពីប្រមូលផលលើកទី១លក់បានជាង ៦លានរៀល មានត្រសក់ស្រូវ ត្រសក់ទ្រើង និងពោត។ បច្ចុប្បន្នផ្ទៃដីខូចខាង២,៥ហ.តលើផ្ទៃដីសរុបជាង៤ដែលបងស្រីដាំបន្លែអាស្រ័យផលលើដីដែលគ្រប់គ្រងដោយអាជ្ញាធរអប្សារា សម្រាប់ទ្រទ្រង់ជីវភាព។ បងស្រីបានស្នើសុំឯកឧត្តមរដ្ឋមន្រ្តីមេត្តាជួយផ្តល់ពូជបន្លែ ជី និងទុយោទឹក ដើម្បីបងស្រីចាប់ផ្តើមផលិតកម្មបន្លែនេះឡើងវិញក្នុងពេលឆាប់ៗនេះ។ ទទួលយកសំណើរដោយក្តីរីករាយ រួមជាមួយអារម្មណ៍សោកស្តាយ អាណិតអាសូរចំពោះក្រុមគ្រួសារដែលរងផលប៉ះពាល់ តាមរយ:មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមរដ្ឋមន្ត្រីបានដោះស្រាយពូជបន្លែ និងជីជូន ដោយឡែកទុយោទឹកឯកឧត្តមរដ្ឋមន្រ្តីផ្ទាល់បានជួយឧបត្ថម្ភ ៤០០០ម៉ែត្រ/គ្រួសារ។ ករណី ការពន្យាបង់កាប្រាក់ធនាគារ ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឲ្យលោកប្រធានមន្ទីរជួយអន្តរាគមន៍ទៅធនាគារផ្ទាល់ដោយយោងលើហេតុផលជាក់ស្តែងនិងពួកគាត់សុទ្ធតែជាអតិថិជនល្អរបស់ធនាគារនិងជាពិសេសយោងលើប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោហ៊ុនសែនថាយើងជួយគ្នាក្នុងគ្រាក្រមិត្តល្អជួយគ្នានៅពេលមានទុក្ខលំបាក។ចំពោះអំណោយដ៏ថ្លៃថ្លានេះកសិករដែលទទួលរងគ្រោះដោយទឹកជំនន់បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តមរដ្ឋមន្ត្រី និងជាពិសេសសម្តេចតេជោដែលបានជួយឧបត្ថម្ភនិងដោះស្រាយបញ្ហាជូនប្រជាជនគ្រប់បែបយ៉ាងទោះនៅទីជិតឆ្ងាយ សូមឲ្យសម្តេចតេជោទទួលបាននូវពុទ្ធពរទាំង ៤ប្រការកុំបីឃ្លាងឃ្លាតឡើយ៕