ខេត្តក្រចេះ ៖ ដើម្បីសិក្សា និងស្វែងយល់ពីជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋយើង នាពេលបច្ចុប្បន្ន ក្រុមការងាររាជរដ្ឋាភិបាលបានចុះបើកវេទិកាសាធារណៈជួបជាមួយបងប្អូនប្រជាពលរដ្ឋនៅឃុំ សណ្តាន់ ស្រុកសំបូរខេត្ត ក្រចេះដើម្បីសហការជំរុញលើកកម្ពស់ការទទួលខុសត្រូវ និងលើកកម្ពស់គណនេយ្យភាពនៅក្នុងក្រសួង ស្ថាប័ន អាជ្ញាធរ រដ្ឋបាលថ្នាក់ក្រោមជាតិ និងការផ្តល់សេវាសារណៈទាំងការអភិវឌ្ឍមូលដ្ឋានឲ្យមានប្រសិទ្ធភាព។ជាក់ស្តែងនាព្រឹកថ្ងៃ០៤កើត ខែកក្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ ២០២០នេះ នៅឃុំសណ្តាន់ ស្រុកសំបូរ ខេត្តក្រចេះ បានរៀបចំបើកអង្គវេទិកាសាធារណៈមួយរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានក្នុងស្រុកសំបូរដើម្បីត្រួតពិនិត្យការគាំទ្រការអនុវត្តកម្មវិធីនយោបាយយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលកម្ពុជា។អង្គវេទិកានេះរៀបចំឡើងក្រោមអធិបតីភាពឯកឧត្តម ម៉ី លីហួត អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកសំបូរ និងឯកឧត្តម ស្រេង សុភាព គណៈអភិបាលរងខេត្តក្រចេះ និងមានចូលរួមសហការពីសំណាក់ ឯកត្តម លោកជំទាវ លោក លោកស្រី ជាប្រធាន អនុប្រធានមន្ទីរ លោក លោកស្រីជាអភិបាលស្រុកអាជ្ញាធរដែនដីមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋជាច្រើនរូបទៀត។មានប្រសាស្រ្តក្នុងអង្គវេទិកាសាធារណៈនេះ ឯកឧត្តម ម៉ី លីហួត ប្រធានក្រុមការងាររាជរដ្ឋាភិបាល បានមានប្រសាសន៍ថា រដ្ឋាភិបាលបានបង្កើតក្រុមការងារថ្នាក់ជាតិនេះឡើងមានគោលបំណងចុះជួយពង្រឹង កែលម្អ និងងាយក្តាប់បានពីទុក្ខកង្វល់ ស្វែងយល់ពីជីវភាព និងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ និងជួយដោះស្រាយនូវបញ្ហាប្រឈម ឬសំណូមពរផ្សេងៗពីបងប្អូនដោយផ្អែកទៅលើច្បាប់។ បើក្នុងករណីដោះស្រាយមិនបានក្រុមការងាររបស់យើងខ្ញុំដាក់សំណើជូនទៅរាជរដ្ឋាភិបាលបន្តដោះស្រាយ។ក្នុងអង្គវេទិកានេះដែរ ប្រជាពលរដ្ឋបានលើកសំណូមពរមួយចំនួនរួមមាន ៖ សុំជួសជុលផ្លូវលំ, សុំជួសជុលអណ្តូងស្នប់នៅតាមភូមិ, សុំតចរន្តអគ្គិសនីចូលតាមបណ្តាភូមិ និងសំណូមពរសមត្ថកិច្ចជួយមានវិធានការចំពោះល្បែងស៊ីសងនៅតាមមូលដ្ឋាន។ក្រោយពីបានស្តាប់នូវរាល់ការលើកឡើងរបស់បងប្អូនប្រជាពលរដ្ឋ ក្រុមការងាររាជរដ្ឋាភិបាលក៏បានស្នើឲ្យមន្រ្តីពាក់ព័ន្ធឡើងធ្វើការបកស្រាយ និងមានវិធានការសម្រាប់អនុវត្តការងារនៅពេលក្រោយ។ ក្រុមការងារបានចាត់មន្រ្តីជំនាញចុះពិនិត្យជាក់ស្តែងលើការស្នើសុំអស់ទាំងនោះ។ បងប្អូនប្រជាពលរដ្ឋក៏ទទួលយកតាមការពិនិត្យ និងតាមការដោះស្រាយក្នុងអង្គវេទិកានេះផងដែរ។ក្នុងឱកាសនោះដែរ ឯកឧត្តម ម៉ី លីហួត ក៏បានអំពាវនាវដល់បងប្អុនប្រជាពលរដ្ឋទាំងអស់សូមមានទម្លាប់ អនាម័យល្អ ចេះថែទាំសុខភាពខ្លួនឯងឲ្យបានល្អ ចូលរួមទប់ស្កាត់ និងការពារនូវជំងឺឆ្លងផ្សេងៗ ពិសេសការពារបាននូវជំងឺរាតត្បាត ជាសកល គឺជំងឺឆ្លងកូវីដ១៩។ ឯកឧត្តមបានបន្ថែមថា ជំងឺកូវីដ១៩នេះ គឺនៅមិនឆ្ងាយពីយើងទេ។ មួយវិញទៀត សូមបងប្អូននាំគ្នាចូលរួមថែរក្សា និងទប់ទឹកឲ្យបានល្អ ដើម្បីជៀសវាងយើងខ្វះទឹកធ្វើស្រែប្រាំងនាពេលខាងមុខ។ក្នុងអង្គវេទិកានេះដែរ ឯកឧត្តម ម៉ី លីហួត ប្រធានក្រុមការងាររាជរដ្ឋាភិបាលក៏បានស្នើឲ្យអាជ្ញាធរ និងមន្រ្តីមានសមត្ថកិច្ចនៅក្នុងដែនរបស់ខ្លួនត្រូវចូលរួមសហការបំបាត់ឲ្យអស់នូវបទល្មើសផ្សេងៗ ដូចជា ៖ ចោរលួច ចោរឆក់ ចោរប្លន់ ការជួញដូរមនុស្ស ការកាប់ទន្រ្ទានព្រៃយកដីរដ្ឋមកធ្វើជាកម្មសិទ្ធិ និងការជួញដូរគ្រឿងញៀនជាដើម៕
ព័ត៌មានគួរចាប់អារម្មណ៍
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី (ហង្សនាគ០១)
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី ()
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ (ហង្សនាគ០១)
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ ()
អ្នកមានលុយមានឥទ្ធិពលដាក់បណ្តឹងតែ ១ខែ ១ថ្ងៃតុលាការចេញសាលក្រម រីឯយាយចាស់ម្នាក់ដាក់បណ្តឹងដល់ស្លាប់ខ្លួនទៅហើយនៅតែពុំបានយុត្តិធម៌ (ហង្សនាគ០១)
វីដែអូ
ចំនួនអ្នកទស្សនា