កូនតិរច្ឆានយកអង្រែបុកគ្រឿងវាយម្តាយរហូតដល់ស្លាប់
ខេត្តស្វាយរៀង ៖ មានករណីឃាតកម្ម បង្កឡើងដោយជនសង្ស័យ ឈ្មោះ យឹម ធី ភេទប្រុស អាយុ៣៩ឆ្នាំ ត្រូវជាកូនង្កើត ក្រោយផឹកស្រាស្រវឹងបានឈ្លោះប្រកែកគ្នាជាមួយម្តាយ និងឈានដល់យកអង្រែបុកគ្រឿងវាយសំពងទៅលើម្តាយឈ្មោះ យិន រី ភេទស្រី អាយុ៦៩ឆ្នាំ ចំក្បាលបណ្តាលឲ្យបែកដេកស្លាប់ភ្លាមៗនៅកន្លែងកើតហេតុកាលពីយប់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ ម៉ោង១៩ និង១០នាទី នៅភូមិព្រៃបន្ទាយ ឃុំស្វាយយា ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។
ក្រោយទទួលបានរបាយការណ៍ភ្លាមៗ លោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្ត បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កម្លាំងជំនាញ នៃផែនការងារនគរបាលព្រហ្មទណ្ឌ ចុះសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ ប៉ុស្តិ៍រដ្ឋបាល តាមចាប់ខ្លួនជនសង្ស័យឲ្យទាល់តែបាន។
ក្រោយទទួលបានបទបញ្ជា កងកម្លាំងទាំងអស់បានតាមរកជនសង្ស័យ រហូតដល់ម៉ោង០៦ និង៣០នាទី ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ ទើបចាប់ឃាត់ខ្លួនជនសង្ស័យដែលជាកូនតិរច្ឆាននោះបាននៅចំណុចវាលស្រែ ក្នុងភូមិមហាសួន ឃុំស្វាយយា ស្រុកស្វាយជ្រំ។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងនគរបាលកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕