អ្នកការទូតកម្ពុជា២នាក់ និងបុគ្គលិកក្នុងស្រុក២នាក់ នៃស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំងឆ្លងកូវីដ-១៩
ភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានឱ្យដឹងថា អ្នកការទូតកម្ពុជាចំនួន០២ នាក់ និងបុគ្គលិកក្នុងស្រុកចំនួន០២នាក់ នៃស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋបារាំងបានធ្វើតេស្តសំណាកទទួលបានលទ្ធផលវិជ្ជមានកូវីដ-១៩។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ដែលទទួលបាននាថ្ងៃត្រង់ទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។
ក្រសួងបានបញ្ជាក់ថា ក្រោយពួកគាត់ទាំង០៤នាក់បានជួបពិគ្រោះយោបល់ជាមួយគ្រូពេទ្យបារំាងរួចមក ពេលនេះពួកគាត់កំពុងសម្រាកព្យាបាលនៅផ្ទះរៀងៗខ្លួន និងទទួលទានថ្នាំតាមវេជ្ជបញ្ជា។ ក្រៅពីនេះស្ថានឯកអគ្គរាជទូតកម្ពុជា នៅទីក្រុងប៉ារីស ក៏កំពុងរង់ចាំលទ្ធផលរបស់បុគ្គលិកក្នុងស្រុកម្នាក់ទៀត នៅថ្ងៃនេះ (ថ្ងៃចន្ទ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០)។ ស្ថានឯកអគ្គរាជទូតកម្ពុជា នៅទីក្រុងប៉ារីស៍ នឹងបន្តដំណើរការជាប្រក្រតីតាមប្រព័ន្ធព័ត៌មានវិទ្យា។
ស្ថានទូតនឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរសុខាភិបាលបារំាង ដើម្បីតាមដានការវិវត្តនៃជំងឺរបស់អ្នកការទូតកម្ពុជា និងបុគ្គលិកក្នុងស្រុក ទាំងបួននាក់ខាងលើ ដោយយកចិត្តទុកដាក់បំផុត៕
ខាងក្រោមនេះជាសេចក្តីប្រកាសក្រសួងការបរទេស៖