លោកជិនម៉ាលីនបញ្ជាក់ជូន៣ចំណុចអំពីទិដ្ឋភាពច្បាប់នៃការចេញអធិបញ្ជារបស់រដ្ឋមន្រ្តីយុត្តិធម៌
នៅថ្ងៃទី២៧ខែធ្នូឆ្នាំ២០២០នេះលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកលោកជិនម៉ាលីនរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងយុត្ដិធម៌បានបញ្ជាក់ជូន៣ចំណុចអំពីទិដ្ឋភាពច្បាប់នៃការចេញអធិបញ្ជារបស់រដ្ឋមន្រ្តីយុត្តិធម៌បន្ទាប់ពីមានការស្នើសុំឱ្យព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញចាត់វិធានការផ្លូវច្បាប់ជាបន្ទាន់និងតឹងរឹងបំផុតលើលោកសម រង្ស៊ី ចំពោះករណីប្រមាថអង្គព្រះមហាក្សត្រ។លោកជិន ម៉ាលីន បានលើកឡើងនូវ៣ចំណុចអំពីទិដ្ឋភាពច្បាប់នៃការចេញអធិបញ្ជារបស់រដ្ឋមន្រ្តីយុត្តិធម៌ដែលរួមមាន១. ការប្រមាថដល់អង្គព្រះមហាក្សត្រមិនមែនជាការអនុវត្តសិទ្ធិសេរីភាពនៃការបញ្ចេញមតិនោះទេ តែជាបទល្មើសព្រហ្មទណ្ឌដែលមានចែងនិងផ្តន្ទាទោសតាមបញ្ញតិនៃមាត្រា៤៣៧ស្ទួននៃក្រមព្រហ្មទណ្ឌព្រះរាជាណាចក្រកម្ពុជានិងជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរផងដែរលើស្មារតីមាត្រា៧នៃរដ្ឋធម្មនុញ្ញកម្ពុជា។ ២.ការចេញអធិបញ្ជារបស់រដ្ឋមន្រ្តីយុត្តិធម៌ មិនមែនជាការធ្វើតាមការបង្គាប់បញ្ជារបស់ស្ថាប័ន ឬឥស្សរជនណានោះទេ តែគឺជាការអនុវត្តតួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់ខ្លួនក្នុងនាមជារដ្ឋមន្រ្តីយុត្តិធម៌និងស្របតាមបញ្ញត្តិមាត្រា២៩ នៃក្រមនីតិវិធិព្រហ្មទណ្ឌព្រះរាជាណាចក្រកម្ពុជា ក្នុងគោលដៅការពារសេចក្តីថ្លៃថ្នូរ និងព្រះកិត្តិនាមរបស់អង្គព្រះមហាក្សត្រដែលជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជាជាតិខ្មែរ។
ចំពោះចំណុច៣.គឺការចេញអធិបញ្ជារបស់រដ្ឋមន្រ្តីយុត្តិធម៌ដល់ស្ថាប័នអយ្យការមិនមែនជាការរំលោភបំពានលើអំណាចតុលាការនោះទេព្រោះថារដ្ឋមន្រ្តីយុត្តិធម៌ជាប្រធានថានានុក្រមនៃស្ថាប័នអយ្យការដែលតំណាងឱ្យស្ថាប័ននីតិប្រតិបត្តិក្នុងការអនុវត្តនយោបាយព្រហ្មទណ្ឌរបស់រាជរដ្ឋាភិបាលក្នុងគោលដៅការពារនិងថែរក្សាសន្តិសុខសង្គមសណ្តាប់ធ្នាប់សាធារណៈ និងផលប្រយោជន៍ជាតិ៕