ខេត្តរតនគិរី ៖ ពិតជាក្រដាសមិនអាចខ្ចប់ភ្លើងបានមែន ប្រភពបែកធ្លាយចេញពីមន្ត្រីស្រលាញ់យុត្តិធម៌មួយបានឱ្យដឹងក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះថា រឿងអាស្រូវមន្ត្រីនគរបាលមួយរូបល្បួងលួងលោមក្មេងស្រីជាអនីតិជនក្រោមអាយុ១៥ឆ្នាំ យកទៅផ្ទះសំណាក់រួមភេទបានសម្រេច តែត្រូវបានគេលាក់បិទបាំងបានយ៉ាងជិតឈឹងអស់រយៈពេលជិតមួយខែកន្លងមកហើយ។បើតាមប្រភពបានបញ្ជាក់ថា ក្មេងស្រីរងគ្រោះមានឈ្មោះ ម.ល អាយុ១៣ឆ្នាំ ជនជាតិខ្មែរ មានកំណើត កើតថ្ងៃទី៣ ខែមីនា ឆ្នាំ២០០៧ នៅភូមិចងរា ឃុំបាតាង ស្រុកលំផាត់ ខេត្តរតនគិរី បច្ចុប្បន្នរស់នៅភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ត្រូវបានមន្ត្រីនគរបាលមួយរូបមានឈ្មោះ ទួន មេសា តួនាទីជានាយប៉ុស្តិ៍ ច្រករបៀងភូមិភិ បានលួងលោមចូលផ្ទះសំណាក់មួយកន្លែងក្នុងក្រុងបានលុង រួមភេទបានសម្រេច កាលពីវេលាម៉ោងប្រហែល១០ ៖ ០០នាទីយប់ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០។ប្រភពដដែលបានបង្ហើបឲ្យដឹងទៀតថា ក្រោយពីកើតហេតុអាណាព្យាបាលក្មេងរងគ្រោះបានស្វះស្វែងរកជំនួយផ្នែកច្បាប់ ដើម្បីដាក់ពាក្យបណ្តឹងជនកំហូចរូបនោះ ប៉ុន្តែក្នុងរឿងនេះត្រូវបានលោកនាយប៉ុស្តិ៍ នគរបាលភិតភ័យស្លន់ស្លោ សុំការសម្រួលជាមួយអាណាព្យាបាលក្មេងស្រីរងគ្រោះ ដោយសុំសងសំណងជាប្រាក់ដើម្បីបញ្ចប់រឿង។ ប្រភពបន្តថា ក្នុងរឿងហេតុខាងលើ ជនល្មោភកាម អាងខ្លួនជាមន្ត្រីនគរបាល ព្រមទាំងមានខ្សែធំនៅក្នុងស្នងការនគបាលខេត្តរតនគិរីទៀតផងនោះ ការសន្យាគឺត្រូវគេមិនគោរពឱ្យសច្ចៈនោះឡើយ ទើបនៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ ក្រុមគ្រួសារក្មេងរងគ្រោះមកដាក់ពាក្យបណ្តឹងសាជាថ្មី ទៅលើមន្ត្រីនគរបាលរូបនោះ ជាហេតុធ្វើឱ្យជនសង្ស័យ កាន់តែភ័យសាជាថ្មីម្តងទៀត ដោយលើកទីពីរនេះ ត្រូវបានប្រភពទម្លាយប្រាប់ឱ្យដឹងថា មានការចេញមុខជួយចរចាដោយសម្ងាត់ពីមន្ត្រីនគរបាលថ្នាក់ធំនៅក្នុងស្នងការដ្ឋាននគរបាលខេត្តរតនគិរី ព្រមសងសំណងជាលុយ ដោយមិនឱ្យអាណាព្យាបាលក្មេងរងគ្រោះទម្លាយរឿងចេញទៅខាងក្រៅឡើយ ។ប្រភពមួយទៀតដែលស្និទ្ធនឹងក្មេងស្រី បានបង្ហើបឱ្យដឹងថា ក្មេងស្រីរងគ្រោះទទួលបានលុយចំនួន៦លានរៀល។ពាក់ព័ន្ធរឿងនេះអ្នកសាព័ត៌មានយើង បានខលទូរស័ព្ទសុំការបំភ្លឺ ពីលោក ទួន មេសា ដោយលោកបញ្ជាក់ថា នេះជារឿងចោទប្រកាន់ទេ ពីព្រោះគេស្រលាញ់លោក ហើយលោកមិនព្រមស្រលាញ់ ទើបគេប្ដឹងចោទប្រកាន់លោកតែម្ដងទៅ។ចំណែកលោក ស្រី ឧត្តមសេនីយ៍ត្រី កែវ ដាវី ស្នងការរងទទួលផែនជួញដូរ ការពារអនីតិជន និងយិនឌ័រ បានបញ្ជាក់ថា ជនរងគ្រោះបានដាក់បណ្តឹងដែរ តែដាក់បានប៉ុន្មានម៉ោងអាណាព្យាបាលក៏ដកវិញ ហើយមិនពាក់ព័ន្ធនឹងការរំលោភអីនោះទេ ដោយគាត់ខឹងក៏ធ្វើអញ្ចឹងទៅដោយខាងម្តាយគេមកដកវិញ។ដោយឡែកលោក ឧត្តមសេនីយ៍ទោ យិន ចំណាន ស្នងការនគរបាលខេត្តរតនគិរី បានមានប្រសាសន៍ថា ករណីនេះមានពិតមែន តែខាងជំនាញកំពុងអនុវត្តតាមនីតិវិធី។ជុំវិញករណី លោកនាយប៉ុស្តិ៍នគរបាលប្រចាំច្រករបៀងភូមិភិ លួងលោមក្មេងស្រី អាយុ១៣ឆ្នាំ រួមភេទបានសម្រេចខាងលើនេះ ក្រុមអ្នកសារព័ត៌មានយើងនឹងខិតខំស្រាវជ្រាវបំភ្លឺបន្ថែមឱ្យកាន់តែច្បាស់នៅលេខក្រោយទៀត៕
ព័ត៌មានគួរចាប់អារម្មណ៍
បន្តរកឃើញករណីជំងឺកូវីដ-១៩សរុបចំនួន៤៨០នាក់និងចំនួនជាសះស្បើយសរុបកើន៨១៧០នាក់ខណៈស្លាប់ថ្មី៥នាក់ (សហការី)
វ៉ាក់សាំងកូវីដ១៩ស៊ីណូវ៉ាក់(Sinovac)ចំនួន៥០ម៉ឺនដូសទៀតបានមកដល់កម្ពុជាហើយ (សហការី)
សម្តេចប្រធានរដ្ឋសភានិងសម្តេចធម្មវិសុទ្ធវង្សាសៅទីហេងសំរិនអញ្ជើញចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ដូសទី២ (សហការី)
ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចុះសួរសុខទុក្ខ និងនាំយកអំណោយ ជាគ្រឿងឧបភោគ បរិភោគ និងថវិកា ជូនមណ្ឌលចត្តាឡីស័កស្រុក និងជូនប្រជាពលរដ្ឋដែលងាយរងគ្រោះចំនួន ១៨គ្រួសារ (សហការី)
អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញចុះពិនិត្យ និងដោះស្រាយជួសជុលផ្ទះរបស់ប្រជាពលរដ្ឋទទួលរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន២៣២ខ្នង (សហការី)
វីដែអូ
ចំនួនអ្នកទស្សនា