ស្ត្រីមេម៉ាយចាស់ជរាគ្មានទីពឹង និងពិការទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល
ខេត្តកណ្តាល៖ព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានចាត់ឲ្យក្រុមការងារសាខា ដឹកនាំដោយលោក ហ៊ុក យ៉ុន នាយកស្តីទីសាខាកាកបាទក្រហមកម្ពុជាខេត្ត បាននាំយកអំណោយមនុស្សធម៌ទៅប្រគល់ជូនអ៊ំស្រី ធន អាក ជាស្រ្តីមេម៉ាយគ្មានទីពឹងគរថ្លង់ និងពិការភ្នែក ដែលរស់នៅភូមិចុងព្រែក ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល ។
មានប្រសាសន៍នាឱកាសនោះដែរ លោក ហ៊ុក យ៉ុន ក្នុងនាមឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគៈកម្មាធិការសាខា បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្ដីនឹករលឹក និងក្តីអាណិតអាសូរបំផុត ។ លោកបានបន្តទៀតថា កាកបាទក្រហមកម្ពុជាដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន សម្ដេចតែងមានការគិតគូរជានិច្ច អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅនៅគ្រប់ពេលវេលា និងថែមទាំងបានណែ នាំជាប្រចាំដល់មន្រ្តីកាកបាទក្រហមនៅថ្នាក់មូលដ្ឋានទាំងអស់ ត្រូវពិនិត្យមើលពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងចុះសុខទុក្ខដល់ចាស់ជរាឥតទីពឹង ,ជនទីទ័លក្រ ,ស្រី្តមេម៉ាយក្រីក្រមានកូនច្រើនក្នុងបន្ទុក ,អ្នកកំពុងរស់នៅជាមួយមេរោគអេដស៍ អ្នកជំងឺអេដស៍ ,អ្នកមានជំងឺរ៉ាំរ៉ៃហើយមានជីវភាពទីទ័លក្រ ,កុមារកំព្រា ,ស្រី្តឆ្លងសម្រាលកូន និងអ្នករងគ្រោះផ្សេងៗ ដោយមិនប្រកាន់ពូជសាសន៍ សាសនា ប្រពៃណី ឬនិន្នាការនយោបាយអ្វីឡើយ ។ ជាមួយគ្នានេះដែរលោក ក៏បានសំណូមពរអោយអ៊ំស្រូត្រូវចូលរួមបង្ការការពារការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ តាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។
អំណោយដែលសាខាកាកបាទក្រហមកម្ពុជាខេត្ដផ្ដល់ជូនរួមមាន៖ អង្ករ ៥០គីឡូក្រាម ,មី ១កេស ,ត្រីខ ១យួរ ,ទឹកសុទ្ធ ១ដបធំ ទឹកផ្លែឈើ១កេស,ទឹកត្រី ១យួរ ,ទឹកស៊ីអ៊ីវ ១យួរ , ម៉ាស់ ១០បន្ទះ ,ទឹកអាល់កុល ១ដបធំ និងថវិកាចំនួន ២០ម៉ឺនរៀល ។