រាជរដ្ឋាភិបាលកម្ពុជានឹងប្រែក្លាយរោងចក្រមួយចំនួនទៅជាកន្លែងផលិតម៉ាស់ អាល់កុល និងសម្ភារបរិក្ខាវេជ្ជសាស្ត្រ ដើម្បីផ្គត់ផ្គង់ការប្រើប្រាស់ក្នុងស្រុក ខណៈតម្រូវការសម្ភារទាំងនេះកំពុងមានការកើនឡើង។ កម្ពុជា ក៏ទើបបញ្ជាទិញម៉ាស់ជាង៥លានម៉ាស់ពីក្រៅប្រទេស និងក្នុងស្រុកសម្រាប់ចែកជូនមន្ទីរពេទ្យ និងប្រជាពលរដ្ឋផងដែរ។ ស្របពេលការរីករាលដាលនៃជំងឺរលាកផ្លូវដង្ហើមបង្កឡើងដោយកូរ៉ូណាវីរុសប្រភេទថ្មីកូវីដ-១៩នៅកម្ពុជាចេះតែបន្តកើនឡើងនោះ តម្រូវការម៉ាស់ ទឹកអាល់កុល និងបរិក្ខាវេជ្ជសាស្ត្រក៏មានការកើនឡើងខ្ពស់ដែរ។ ដោយមើលឃើញពីបញ្ហានេះ កម្ពុជា គ្រោងប្រែក្លាយរោងចក្រមួយចំនួនទៅជាកន្លែងផលិតសម្ភារទាំងនេះ ដើម្បីផ្គត់ផ្គង់តាមស្ថាប័នរដ្ឋ និងចែកជូនប្រជាពលរដ្ឋ។ នេះបើយោងតាមសេចក្តីជូនដំណឹងស្តីពីលទ្ធផលប្រជុំគណៈអចិន្ត្រៃយ៍នៃគណៈរដ្ឋមន្ត្រី ដែលបានចេញផ្សាយនៅថ្ងៃទី៣១ មីនា ឆ្នាំ២០១៩។ តែយ៉ាងណា សេចក្តីជូនដំណឹងដែលចុះហត្ថលេខាដោយ លោកឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី មិនបានបញ្ជាក់លម្អិតពីរោងចក្រដែលរាជរដ្ឋាភិបាលគ្រោងប្រែក្លាយទាំងនោះឡើយ ខណៈបច្ចុប្បន្នមានរោងចក្រកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងមួយចំនួនបានបិទដំណើរដោយសារគ្មានការបញ្ជាទិញពីក្រៅប្រទេស។ ប្រសិនបើគម្រោងនេះ បានលេចចេញជារូបរាងឡើង វាមិនត្រឹមតែជួយបំពេញតម្រូវការប្រើប្រាស់ក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងជួយផ្តល់ការងារដល់កម្មករកម្មការិនី ដែលបានបាត់បង់ការងារធ្វើដោយសារការបិទរោងចក្រទាំងនេះទៀតផង។ ក្នុងកាលៈទេសៈបច្ចុប្បន្ន កម្ពុជាបានចាត់ទុកម៉ាស់ អាល់កុល និងសម្ភារបរិក្ខាវេជ្ជសាស្ត្រ ជាទំនិញយុទ្ធសាស្ត្រសម្រាប់បម្រុងទុកប្រើប្រាស់ក្នុងកាលៈទេសៈនៃការរីករាលដាលនៃវីរុសកូវីដ-១៩។ កម្ពុជា បានបញ្ជាទិញសម្ភារទាំងនេះពីក្រៅប្រទេសជាបន្តបន្ទាប់ ក្រោយមានករណីឆ្លងកូវីដ-១៩កើតឡើង ។ ជាក់ស្តែងកាលពីពេលថ្មីៗ កម្ពុជា បានសម្រេចបញ្ជាទិញម៉ាស់៥,២លាន ដើម្បីត្រៀមចែកជូនប្រជាពលរដ្ឋ និងផ្តល់ជូនមន្ទីរពេទ្យ។ បើតាមសេចក្តីជូនដំណឹងខាងលើ ម៉ាស់ចំនួន៥លានត្រូវបានកម្ពុជាបញ្ជាទិញពីក្រៅប្រទេស និងចំនួន១,២លានទិញពីរោងចក្រផលិតម៉ាស់នៅខេត្តព្រះសីហនុ។ សេចក្តីជូនដំណឹងនេះក៏បានបញ្ជាក់ផងដែរថា ថវិកា ដែលជាជំនួយរបស់សប្បុរសជនមិនត្រឹមតែផ្គត់ផ្គង់បុគ្គលិកក្នុងវិស័យសុខាភិបាលនោះទេ ប៉ុន្តែវាក៏អាចយកទៅប្រើប្រាស់ លើការចំណាយទិញសម្ភារសំខាន់ៗមួយចំនួនដូចជាម៉ាស់ អាល់កុល និងសម្ភារបរិក្ខាវេជ្ជសាស្ត្រជាដើម។ គិតត្រឹមព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ កម្ពុជាមានផ្ទុកជំងឺរលាកផ្លូវដង្ហើមបង្កឡើងដោយមេរោគកូវីដ-១៩ចំនួន១០៩នាក់ និងព្យាបាលជាសះស្បើយចំនួន២៥នាក់៕
ព័ត៌មានគួរចាប់អារម្មណ៍
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី (ហង្សនាគ០១)
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី ()
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ (ហង្សនាគ០១)
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ ()
អ្នកមានលុយមានឥទ្ធិពលដាក់បណ្តឹងតែ ១ខែ ១ថ្ងៃតុលាការចេញសាលក្រម រីឯយាយចាស់ម្នាក់ដាក់បណ្តឹងដល់ស្លាប់ខ្លួនទៅហើយនៅតែពុំបានយុត្តិធម៌ (ហង្សនាគ០១)
វីដែអូ
ចំនួនអ្នកទស្សនា