មន្ដ្រីជាន់ខ្ពស់ក្រសួងព័ត៌មាន ៖ ក្រសួងមិនដែលចាត់ទុកការផ្សាយព័ត៌មានតាម Facebook គឺជាអង្គភាពសារព័ត៌ មានត្រូវច្បាប់នោះទេ
(ភ្នំពេញ)៖ សន្និសីទសារព័ត៌មានស្ដីពី វឌ្ឍនភាព និងទិស
ដៅការងារបន្ដរបស់ក្រសួងព័ត៌មាន នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០នេះ លោក មាស សុភ័ណ្ឌ បានអះអាងថា ក្រសួង
ព័ត៌មានបានផ្ដល់អាជ្ញាប័ណ្ណទទួលស្គាល់ផ្លូវការ ទៅឲ្យការផ្សព្វផ្សាយតាមរយៈគេហទំព័រ មិនមែនតាមរយៈបណ្ដាញសង្គម Facebook នោះឡើយ។
លោក មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានលើកឡើងថា តាំងពីដើម រហូត មក
ដល់ពេលនេះ ក្រសួងព័ត៌មាន មិនដែលចាត់ទុកការផ្សព្វ
ផ្សាយព័ត៌មាន នៅតាមបណ្ដាញសង្គម Facebook គឺជាអង្គភាពសារព័ត៌មាន ដែលមានវិជ្ជាជីវៈត្រឹមត្រូវនោះទេ ហើយក្រសួងលើកទឹកចិត្តឲ្យស្ថាប័នពាក់ព័ន្ធចាត់វិធានការតាមច្បាប់ ចំពោះបុគ្គលទាំងអស់នោះ។
លោក មាស សុភ័ណ្ឌ បានថ្លែងយ៉ាងដូច្នេះថា «ក្រសួងព័ត៌មាន ផ្ដល់អាជ្ញាប័ណ្ណទៅឲ្យការផ្សព្វផ្សាយតាមរយៈគេហទំព័រ មិនមែនតាមរយៈបណ្ដាញសង្គម Facebook នោះទេ ចឹងក្រសួងព័ត៌មានកន្លងមក មិនដែលចាត់ទុកថា ការផ្សព្វផ្សាយព័ត៌មានតាម Facebook គឺជាអង្គភាពសារព័ត៌មាន ដែលទទួលស្គាល់ដោយច្បាប់ ចុះបញ្ជីនៅក្រសួងព័ត៌មានទេ គឺយើងផ្ដល់ការទទួលស្គាល់តែការ
ចុះបញ្ជី ការផ្សព្វផ្សាយព័ត៌មានតាមប្រព័ន្ធគេហទំព័រ»។
មន្ដ្រីជាន់ខ្ពស់ក្រសួងព័ត៌មានរូបនេះ បានចាត់ទុកទៀតថា អ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ដែលកំពុងតែមានចេតនាក្នុងការផ្សព្វផ្សាយព័ត៌មានមិនពិត គឺបុគ្គលនោះត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន ដូច្នេះការដែលបុគ្គលនោះផ្សព្វផ្សាយ ឬចែករំលែកព័ត៌មានមិនពិតនេះ គឺទាមទារនូវការទទួលខុសត្រូវផ្ទាល់ខ្លួនរបស់គាត់ ។
លោកបានសង្កេតឃើញថា កន្លងមកមានការផ្សព្វផ្សាយព័ត៌មានមួយចំនួន ដែលប្រាសចាកពីការពិត ហើយក៏ត្រូវបានទទួលខុសត្រូវចំពោះមុខច្បាប់ផងដែរ។ បើតាមលោក មាស សុភ័ណ្ឌ ក្រសួងព័ត៌មានតែងតែលើកទឹកចិត្ត និងអំពាវនាវដល់អ្នកប្រើប្រាស់បណ្ដាញសង្គមជារឿយៗ ត្រូវយកចិត្តទុកដាក់ក្នុងការចែករំលែក ឬផ្សព្វផ្សាយព័ត៌មាន ទៅកាន់សាធារណៈជនប្រកបដោយការទទួលខុសត្រូវ។
ជាមួយគ្នានេះ លោក ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកព័ត៌មាន និងសោតទស្សន៍ បានអះអាងថា កន្លងទៅជាការអនុវត្តរបស់ក្រសួងព័ត៌មាន បានចែកប្រភេទព័ត៌មានផ្សេងៗគ្នា គឺព័ត៌មានពិត, ព័ត៌មានយល់ខុស និងដំណឹង ហើយក្នុងប្រកាសអន្ដរក្រសួង រួមមាន ក្រសួងព័ត៌មាន, ក្រសួងមហាផ្ទៃ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក៏បានចែកចាយគ្នាទទួលខុសត្រូវផងដែរ។
លោកបានបន្ថែមថា ប្រសិនបើក្រសួងព័ត៌មាន យល់ឃើញ
ថាដំណឹងទាំងឡាយណា ដែលមានបញ្ហាប្រឈមដល់
សង្គមជាតិ ហើយក្រសួងផ្ញើដំណឹងនេះទៅកាន់ក្រសួង
មហាផ្ទៃ ដើម្បីស្រាវជ្រាវ ចាត់វិធានការតាមផ្លូវច្បាប់។
លោកបានអះអាងទៀតថា ករណីអ្នកសរសេរព័ត៌មានយល់ខុសដោយអចេតនា ក្រសួងស្នើឲ្យមានការកែតម្រូវតាមច្បាប់ស្ដីពីរបរសារព័ត៌មាន ប៉ុន្ដែប្រសិនបើអ្នកសរសេរព័ត៌មានមានចេតនា អ្នកផ្សព្វផ្សាយក៏មានចេតនាទៅជាព័ត៌មានមិនពិត គឺត្រូវទទួលខុសត្រូវតាមផ្លូវច្បាប់ជាធរមានដូចគ្នាផងដែរ។
សូមជម្រាបថា រហូតមកដល់ពេលនេះ ក្រសួងព័ត៌មានបានផ្ដល់អាជ្ញាប័ណ្ណដល់សារព័ត៌មាន ដែលផ្សាយតាមគេហទំព័រសារព័ត៌មានអេឡិចត្រូនិច ចំនួន៥៣៦អង្គភាព ក្នុងនោះមានចាងហ្វាងជាជនបរទេស ចំនួន១៨អង្គភាព៕