នគរបាលចរាចរណ៍ខេត្តកំពង់ធំ គិតតែត្រឹមតែមួយព្រឹក ថ្ងៃដំបូង នៃការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ ផាកពិន័យ១២ករណី
ខេត្តកំពង់ធំ ៖ នគរបាលចរាចរណ៍ គិតត្រឹមតែមួយព្រឹកថ្ងៃដំបូង គឺថ្ងៃទី០១ ខែ ឧសភា ឆ្នាំ២០២០ នៃការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ នៅខេត្តកំពង់ធំ បានផាកពិន័យចំនួន១២ករណី ក្នុងនោះ រថយន្តធុនតូច២គ្រឿង បើកបរ អត់ ពាក់ខ្សែក្រវ៉ាត់ ,ម៉ូតូ១០គ្រឿង បើកបរអត់ពាក់មួកសុវត្ថិភាព៥គ្រឿង និងអត់កញ្ចក់៥គ្រឿង។
លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំដឹកនាំកម្លាំងត្រួតពិនិត្យផ្ទាល់នៅគោលដៅធំផ្លូវជាតិលេខ៦ នៅក្រុងស្ទឹងសែន និង គោលដៅ ស្រុកកំពង់ស្វាយ នាថ្ងៃដំបូងនេះ បានប្រាប់ឲ្យដឹងថា នៅខេត្តកំពង់ធំ មានដាក់កម្លាំងត្រួតពិនិត្យ ចំនួន១៣ គោលដៅ ក្នុងនោះមានផ្លូវជាតិ៤គោលដៅ ក្រៅពីនោះ គឺផ្លូវប្រជុំជន ផ្សេងៗទៀត សរុបកម្លាំង១៥២នាក់ ក្នុងនោះស្រី២នាក់។
លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល បានបន្តថា ការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកថ្មី នៃអនុក្រឹត៣៨នេះ គឺរដ្ឋមិនចង់បានលុយពីប្រជាជននោះទេ ប៉ុន្តែដើម្បីធានានូវការបាត់បង់អាយុជីវិត ទ្រព្យសម្បត្តិឯកជន និងសាធារណៈដែលបង្កឡើងគ្រោះថ្នាក់ចរាចរណ៍នោះ ថ្នាក់ដឹកនាំ ជាពិសេសប្រមុខរាជ រដ្ឋាភិបាលត្រូវតែមានវិធានការដូច្នេះ។
លោកឧត្តមសេនីយ៍បន្តថា លោកសង្ឃឹមថា អត្រានៃបទល្មើស គឺមាន មិនច្រើននោះទេ ព្រោះប្រជាជនមានការចាប់អារម្មណ៍ និងយកចិត្តទុកដាក់ ពីបញ្ហាអនុក្រឹតថ្មីនេះ។ ទន្ទឹមនោះលោកឧត្តមសេនីយ៍ទោ បានសុំសំណូមពរ ដល់កងកម្លាំង មន្ត្រីរាជការ ប្រជាពលរដ្ឋ គ្រប់លំដាប់ថ្នាក់ សូមចូលរួមគោរព និងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នាដើម្បីរួមគ្នាជៀសឲ្យផុតពីការផាកពិន័យ ជាពិសេសគឺសោកនាដកម្មដែលកើតឡើងពីគ្រោះថ្នាក់ចរាចរ។ ចំណែកប្រជាជនដែលទទួលរងនៃការផាកពិន័យក៏ទទួលស្គាល់កំហុស ផ្ទុយទៅវិញពួកគាត់បានគាំទ្រនូវការរឹតបន្តឹងច្បាប់ចរាចរណ៍នេះ៕