ខេត្តកោះកុង ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន នៅថ្ងៃទី១៣ ខែកក្កដានេះបានឱ្យដឹងថា មនុស្សចំនួន៨៧នាក់ ត្រូវបានទៅកាន់តុលាការពាក់ព័ន្ធបទល្មើសព្រៃឈើ ក្នុងរយៈពេល១៨ខែចុងក្រោយ គិតចាប់ពីខែមករា ឆ្នាំ២០១៩ ដល់ខែមិថុនា ឆ្នាំ ២០២០។ ឯកឧត្តមរដ្ឋលេខាធិការបញ្ជាក់ថា ជនល្មើសដែលបង្រ្កាបបាននេះ បានធ្វើសកម្មភាពលួចចូលកាប់ឈើ បរបាញ់សត្វ និងទន្ទ្រានដីព្រៃក្នុងតំបន់ការពារធម្មជាតិក្នុងភូមិសាស្ត្រខេត្តចំនួន៣ គឺកោះកុង ពោធិ៍សាត់ និងកំពង់ស្ពឺ។ឯកឧត្តមបានថ្លែងថា ក្នុងរយៈពេល១៨ខែចុងក្រោយនេះ មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាន និងមន្ត្រីនៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ និងស្ថាប័នពាក់ព័ន្ធ បានចុះល្បាតទាំងយប់ទាំងថ្ងៃ ចំនួន៧.៦៥៤លើក ស្មើនឹងចម្ងាយដី២៤ម៉ឺនគីឡូម៉ែត្រ ដោយបានទប់សកាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិរួមមាន ៖ បញ្ឈប់ការទន្ទ្រានដីដោយខុសច្បាប់ចំនួន១៧១ករណី ដាក់ពាក្យបណ្តឹងទៅតុលាការចំនួន២០៥ករណី ពិន័យអន្តរកាលចំនួន២៧៧ករណី បញ្ជូនជនល្មើសចំនួន៨៧នាក់ទៅកាន់តុលាការ រុះរើខ្ទមខុសច្បាប់ចំនួន៩៨៣ ដកហូតឈើចំនួន ជាង២ពាន់ម៉ែត្រគូប ដកហូតនិងរឹបអូសរណាយន្តចំនួនជិត២ពាន់គ្រឿង ដោះអន្ទាក់បានចំនួនជាង៣ពាន់អន្ទាក់ ជួយសង្គ្រោះសត្វព្រៃរស់បានចំនួន៧៤៧ ក្បាល និងសត្វព្រៃស្លាប់ចំនួន២០៦ ក្បាល រឹបអូសរថយន្តបានចំនួន១៦៩គ្រឿង ត្រាក់ទ័រនិងរថយន្តប៊ុលដូហ្សែរចំនួន៤៣គ្រឿង ម៉ូតូចំនួន១៧៣គ្រឿង និងគោយន្តចំនួន២៧១គ្រឿង។ឯកឧត្តម នេត្រ ភក្ត្រា មានប្រសាសន៍ថា កិច្ចខិតខំប្រឹងប្រែងនេះ បានធ្វើឱ្យតំបន់អភិរក្សកាន់តែត្រូវបានការពារយ៉ាងល្អប្រសើរ ហើយបទល្មើសគ្រប់ប្រភេទបានថយចុះយ៉ាងច្រើននៅតំបន់នោះទាំងបទល្មើសកាប់បំផ្លាញព្រៃឈើ និងបរបាញ់សត្វព្រៃ។ ការការពារបាននូវធនធានធម្មជាតិប្រកបដោយប្រសិទ្ធភាព និងល្អប្រសើរនេះ បនធ្វើឱ្យកម្ពុជាលក់ឥណទានកាបូននៅក្នុងតំបន់ដែនជម្រកសត្វព្រៃតាតៃ និងឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង។លោក អេដាដ លេហ្ទឺរ (Eduard Lefter)មន្ត្រីគ្រប់គ្រងផ្នែកច្បាប់នៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានឱ្យដឹងថា ក្រុមការងាររបស់ខ្លួនបាននឹងកំពុងធ្វើការរួមគ្នាជាមួយរាជរដ្ឋាភិបាលកម្ពុជាចាប់តាំងពីឆ្នាំ២០០១មក ដើម្បីពង្រឹងការការពារតំបន់ធម្មជាតិ និងសង្គ្រោះសត្វព្រៃពីព្រាន។បច្ចុប្បន្ន ក្រសួងបរិស្ថានបានគ្រប់គ្រងតំបន់ការពារធម្មជាតិចំនួន៦៩កន្លែង លើទំហំផ្ទៃដីចំនួន៧,៣លានហិកតា ដែលទំហំដ៏ធំនេះ មានកិច្ចសហការយ៉ាងល្អពីគ្រប់ភាគីដែលពាក់ព័ន្ធនានា ក្នុងការធានាបាននូវនិរន្តភាពការពារសក្តានុពលបរិស្ថាន និងអភិរក្សធនធានធម្មជាតិ សម្រាប់តម្កល់ជូនឧត្តមប្រយោជន៍ដល់ជំនាន់ក្រោយ។សូមបញ្ជាក់ថា ក្រសួងបរិស្ថាន និងអង្គការសមព័ន្ធមិត្តសត្វព្រៃ បានចុះអនុស្សរណៈលើកិច្ចសហប្រតិបត្តិការការពារនិងអភិរក្សតំបន់ជួរភ្នំក្រវាញ ដែលមានទំហំដីអភិរក្ស១,៤លានហិកតា ដែលក្នុងនោះរួមមានដែនជម្រកសត្វព្រៃតាតៃ ដែនជម្រកសត្វព្រៃពាមក្រសោប ឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង ឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល ឧទ្យានជាតិបទុមសាគរ ជាដើម៕
ព័ត៌មានគួរចាប់អារម្មណ៍
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី (ហង្សនាគ០១)
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី ()
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ (ហង្សនាគ០១)
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ ()
អ្នកមានលុយមានឥទ្ធិពលដាក់បណ្តឹងតែ ១ខែ ១ថ្ងៃតុលាការចេញសាលក្រម រីឯយាយចាស់ម្នាក់ដាក់បណ្តឹងដល់ស្លាប់ខ្លួនទៅហើយនៅតែពុំបានយុត្តិធម៌ (ហង្សនាគ០១)
វីដែអូ
ចំនួនអ្នកទស្សនា