ជនបរទេស៧,២៣០នាក់ ស្មើ១០៤សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជា ក្រោយចូលមកធ្វើការ និងរស់នៅដោយខុសច្បាប់
ភ្នំពេញ ៖ គិតចាប់ពីឆ្នាំ២០១៤ ដល់ខែមិថុនា ឆ្នាំ២០២០នេះ មានជនបរទេស សរុបចំនួន១៧,២៣០នាក់ ស្រី២,៩៧១នាក់ ស្មើនឹង១០៤សញ្ជាតិ ត្រូវបានបណ្ដេញចេញពីប្រទេសកម្ពុជា ក្រោយរកឃើញថាចូលមកធ្វើការ និងរស់នៅដោយខុសច្បាប់។
របាយការណ៍ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំឆមាសទី១ និងលើកទិសដៅបន្ដរបស់អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០នេះ បានបង្ហាញថា បច្ចុប្បន្ន មានជនបរទេសកំពុងស្នាក់នៅកន្លែងត្រៀមបណ្ដេញចេញ នៅមណ្ឌលភ្នំពេញ សៀមរាប និងខេត្តព្រះសីហនុ ចំនួន៩៣នាក់ ស្រី៨នាក់ មាន២០សញ្ជាតិ។
ដោយឡែក ក្នុងឆមាសទី១នេះ បទល្មើសបង្កដោយជនបរទេស មានចំនួន ៤០២នាក់/ ៧៧៦នាក់ ថយចុះ ៤៨,១៩% បើប្រៀបធៀបទៅនឹងឆមាសទី១ ឆ្នាំ២០១៩។ ជាក់ស្តែងបានឃាត់ខ្លួនចំនួន ៣៦៤នាក់/៧៥៦នាក់ មាន ៣៤សញ្ជាតិ (ភាគច្រើន ជនជាតិចិន ១២៣នាក់, វៀតណាម ១០៩នាក់ នីហ្សេរីយ៉ា ៣៨នាក់,អាមេរិក ១៦នាក់ និង ៣០សញ្ជាតិទៀត ពី១ដល់៩នាក់)។
យោងតាមរបាយការណ៍បានបង្ហាញថា ដោយស្ថានភាពប្រឈមជាទូទៅនៅលើពិភពលោក ចំពោះការរាតត្បាតនៃជំងឺរីកូរីដ-១៩ បានធ្វើឲ្យអាជ្ញាធរគ្រប់ប្រទេស ផ្អាកជាបណ្ដោះអាសន្នការចរាចរឆ្លងដែន ទាំងផ្លូវអាកាស ផ្លូវគោក និងផ្លូវ ទឹក ចាប់ពីខែមីនាមក បណ្ដាលឲ្យភ្ញៀវបរទេសចូលកម្ពុជាមានការថយចុះយ៉ាងគំហុក។
ជាក់ស្តែង ក្នុងឆមាសទី១នេះ ភ្ញៀវថយចុះ ៥៥,៦៨% ប្រៀបធៀបទៅឆមាសទី១ ឆ្នាំ២០១៩ ក្នុងនោះ ភ្ញៀវទេសចរថយចុះ ៥៣,៨៦% អ្នកជំនួញ៦៦,១០% ។ ជាមួយនោះ ប្រជាពលរដ្ឋខ្មែរដែលធ្វើដំណើរចេញទៅ បរទេស ថយចុះ ៦២,១៦% និងពលករខ្មែរទៅធ្វើការខុសច្បាប់នៅក្រៅប្រទេស ដែលត្រូវបានអាជ្ញាធរបរ ទេសចាប់បញ្ជូនមកវិញ ក៏ថយចុះ ៦០,៣៩%៕