ផ្ទុះធុងហ្គាសស្លាប់បួននាក់និងរបួសប្រាំនាក់នៅខណ្ឌដូនពេញ
ភ្នំពេញ៖មនុស្សបួននាក់បានស្លាប់និងប្រាំនាក់ទៀត បានរងរបួសនៅក្នុងហេតុការណ៍ផ្ទុះធុងហ្គាសកាលពីរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០នៅផ្ទះលេខ ៣៦ជាផ្ទះលក់ហ្គាស។ស្ថិតនៅផ្លូវ៦៣ផ្លូវត្រសក់ផ្អែមភូមិ១២ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ។ករណីផ្ទុះធុងហ្គាសនេះ បានបណ្តាលឱ្យមានភ្លើងឆេះយ៉ាងសន្ធោសន្ធៅ រហូតមកដល់ម៉ោង ៦:៤៥ព្រលប់ទើបបានរលត់ទាំងស្រុង។
លោកឧត្តមសេនីយ៍ នេត វត្ថា ប្រធាននាយកដ្ឋាននគរបាលបង្ការ និងពន្លត់អគ្គិភ័យ បាននៅកន្លែងកើតហេតុថា “នៅក្នុងហេតុការណ៍ផ្ទុះធុងហ្គាសនេះ បានបណ្តាលឱ្យមនុស្សចំនួនបួននាក់ បានស្លាប់។ក្នុងនោះមានក្មេងស្រីអាយុ ៧ឆ្នាំម្នាក់ប្រុស៣នាក់ ,ស្រីម្នាក់និងរងរបួសចំនួនប្រាំនាក់។
សាកសពត្រូវបានដឹកយកទៅតម្កល់នៅវត្តស្ទឹងមានជ័យ។ ចំណែករថយន្តពន្លត់អគ្គិភ័យជាង ៣០គ្រឿង បានជួយអន្តរាគមន៍បាញ់ពន្លត់។ គិតត្រឹមម៉ោង ៦និង៣០នាទី គឺរកឃើញសាកសពនៅកន្លែងកើតហេតុមានចំនួន ៤នាក់ និងរបួស ៥នាក់”។
ប្រធាននាយកដ្ឋាននគរបាលបង្ការ និងពន្លត់អគ្គិភ័យបានបញ្ជាក់ថា បើតាមម្ចាស់ផ្ទះបានឱ្យដឹងថា នៅមុនពេលកើតហេតុគាត់ឮសូរសំឡេងផ្ទុះចេញពីគំនរហ្គាស និងថ្មស្អុយសម្រាប់បម្រើឱ្យវិស័យសុខាភិបាលបណ្តាលឱ្យមានភ្លើងឆេះតែម្តង។សាកសពគឺត្រូវនឹងអំបែងធុងហ្គាស ពីព្រោះមានដាច់សាច់ចេញពីខ្លួន។ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ នឹងបង្កើតគណៈកម្មការបដើម្បីពិនិត្យកន្លែងកើតហេតុ។
សមត្ថកិច្ចបានបង្ហាញថា ជនរងគ្រោះដែលស្លាប់ចំនួនបួននាក់ មានដូចជា ១. ឈ្មោះ ម៉ៅ ស៊ីណាត ២២ឆ្នាំ ភេទប្រុសកម្មករ។ ២. ឈ្មោះ មុន មករា ១៨ឆ្នាំ ភេទប្រុសកម្មករ។ ៣. ឈ្មោះ ឡាំ សេងហាវ ២៧ឆ្នាំ ភេទប្រុសកូនម្ចាស់ផ្ទះនិង ៤. ឈ្មោះ ឡាំ គីមឡាង ៨ឆ្នាំ ភេទស្រីកូនម្ចាស់ផ្ទះ។
ចំណែកអ្នករងរបួសចំនួន ប្រាំនាក់ មានដូចជាៈ ១. ឈ្មោះ ប្រាក់ ឡាំហុង ៦៩ឆ្នាំ ភេទប្រុសម្ចាស់ផ្ទះ របួសស្រាល។ ២. ឈ្មោះ លី សឿង ៤៩ឆ្នាំ ប្រពន្ធរបួសធ្ងន់។ ៣. ឈ្មោះ ឡាំ សេងតាយ ១៩ឆ្នាំ ភេទប្រុសកូន។ ៤. ឈ្មោះ ឡាំ គីមជូ ១៣ឆ្នាំ ភេទស្រីកូននិងទី៥. ឈ្មោះ ប្រាក់ សេងគា ៣២ឆ្នាំ ភេទប្រុសប្អូនម្ចាស់ផ្ទះរបួសស្រាល៕