ភ្នំពេញ ៖ នៅព្រឹកថ្ងៃអង្គារ ១កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីអំពីប្រព័ន្ធគ្រប់គ្រងវត្តមានជនបរទេសស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា (FPCS) នៅទីស្ដីការក្រសួងមហាផ្ទៃ។ក្រោមអធិបតីភាពសម្ដេចឧបនាយករដ្ឋមន្ត្រី កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក និងអគ្គនាយករង ក្នុងនោះរួមមានឯកឧត្តមនាយឧត្តមសេនីយ៍អគ្គនាយកអន្តោប្រវេសន៍ ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីជាន់ខ្ពស់នៃអគ្គនាយកដ្ឋានចំណុះឲ្យក្រសួងមហាផ្ទៃជាច្រើនរូបទៀត។អញ្ជើញមានប្រសាសន៍បើកិច្ចប្រជុំ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថាកិច្ចប្រជុំ ស្ដីអំពីប្រព័ន្ធគ្រប់គ្រងវត្តមានជនបរទេសស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា (FPCS) នាថ្ងៃនេះបានធ្វើឡើងតាមសំណើអគ្គនាយកដ្ឋានអន្តោប្រវេសន៍។ សម្ដេចបានមានប្រសាសន៍ថា ក្នុងរយៈពេលមួយវែងសមគួរកន្លងមក ទោះបីមានការរិះគន់ខ្លះ ប៉ុន្តែយើងបានគ្រប់គ្រងជនបរទេស ជនអន្តោប្រវេសន៍បានល្អប្រសើរជាងមុន។សម្ដេចក្រឡាហោមឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ទៀតថាបៀបធៀបនឹងសម័យកាលមុនៗក្នុងប្រវត្តិសាស្ត្ររបស់ព្រះរាជាណាចក្រកម្ពុជា គឺទើបតែសម័យកាលបច្ចុប្បន្ននេះទេ ដែលប្រទេសកម្ពុជាយើងអាចគ្រប់គ្រងបញ្ហាជនបរទេស បញ្ហាជនអន្តោប្រវេសន៍ បានល្អប្រសើរ បន្ទាប់ពីក្រសួងមហាផ្ទៃបានសម្រេចបង្កើតឱ្យមានអគ្គនាយកដ្ឋានអន្តោប្រវេសន៍។បើតាមនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងថា ដើម្បីជម្រុញការគ្រប់គ្រងជនបរទេសមិនមែនអន្តោប្រវេសន៍ឲ្យមានប្រសិទ្ធភាព អគ្គនាយកដ្ឋាន បានសិក្សាឡើងវិញ និងស្នើសុំក្រសួង កែសម្រួលសេចក្ដីណែនាំ និងដាក់ចេញសេចក្ដីណែនាំថ្មីស្ដីពីការគ្រប់គ្រងវត្តមានជនអន្តោប្រវេសន៍ដែលមានវត្តមាននៅកម្ពុជា។លោកអគ្គនាយក បានបន្ថែមថា អគ្គនាយកដ្ឋាន បានដាក់ចេញនូវផែនការដើម្បីអនុវត្តសេចក្ដីណែនាំរបស់ក្រសួងមហាផ្ទៃ ក្នុងនោះបានសិក្សាដើម្បីបង្កើតប្រព័ន្ធព័ត៌មានវិទ្យា ធ្វើយ៉ាងណាដើម្បីបង្កលក្ខណៈងាយស្រួលក្នុងប្រតិបត្តិការជូនដំណឹងវត្តមានជនបរទេសរបស់ម្ចាស់អាជីវកម្ម អ្នកកាន់កាប់លំនៅដ្ឋាន មកកាន់នគរបាលមានសមត្ថកិច្ច ក្នុងការមានលទ្ធភាពពិនិត្យទិន្នន័យជនបរទេសដែលស្នាក់នៅទីតាំងរបស់ខ្លួន ក៏ដូចជាការងារស្រាវជ្រាវផ្សេងៗ។បន្ថែមពីនេះ នាយឧត្តមសេនីយ៍ បានលើកឡើងថា ចាប់ពីពាក់កណ្ដាលឆ្នាំ២០១៩ ក្រុមបច្ចេកទេសអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានរៀបចំពីប្រព័ន្ធកុំព្យូទ័រ មកប្រព័ន្ធកម្មវិធីថ្មី(App) ដែលមានឈ្មោះថា ប្រព័ន្ធគ្រប់គ្រងវត្តមានជនបរទេសនៅកម្ពុជា (FPCS) ដែលប្រព័ន្ធនេះអាចប្រើប្រាស់បាន ដោយគ្រាន់តែធ្វើការស្កេនលើលិខិតឆ្លងដែន ហើយអាចទាញយកទិន្នន័យចូលក្នុងប្រព័ន្ធដោយប្រើប្រាស់រយៈពេលខ្លី។ លោក បានបន្តថា កន្លងមក អគ្គនាយកដ្ឋាន ក៏បានចាត់ក្រុមបច្ចេកទេសចុះតាមស្នងការដ្ឋាននគរបាលខេត្ត ដើម្បីបង្រៀនដល់ប៉ុស្ដិ៍រដ្ឋបាលទាំងអស់ឲ្យយល់ និងចេះប្រើប្រាស់ប្រព័ន្ធ របៀបចុះបញ្ជី ហើយប្រើប្រាស់នគរបាលរដ្ឋបាលជាសំខាន់ក្នុងការគ្រប់គ្រងជនបរទេសនៅក្នុងមូលដ្ឋានរបស់ខ្លួន ហើយការងាររបស់នគរបាលរដ្ឋបាលមានលក្ខណៈសកម្ម ហើយពួកគាត់ជួយជម្រុញឲ្យប្រព័ន្ធដំណើរការបានល្អ។ជាងនេះទៀត លោក ក៏បានលើកឡើងថា ប្រព័ន្ធគ្រប់គ្រងវត្តមានជនបរទេសនៅកម្ពុជា នេះផ្ដល់អត្ថប្រយោជន៍សម្រាប់ម្ចាស់ទីតាំងផង និងនគរបាលសមត្ថកិច្ចផង ដោយម្ចាស់ទីតាំងអាចប្រើប្រាស់ទិន្នន័យក្នុងប្រព័ន្ធ ដើម្បីផ្ទៀងផ្ទាត់ភ្ញៀវចេញ-ចូល ហើយនគរបាលមូលដ្ឋានអាចឆែកមើលថាក្នុងមូលដ្ឋានមានភ្ញៀវប៉ុន្មាននាក់ ស្នាក់នៅគោលដៅណាមួយ។សូមជម្រាបជូនថា ប្រព័ន្ធគ្រប់គ្រងវត្តមានជនបរទេសនៅកម្ពុជា (FPCS) នេះជាកម្មវិធី App ដែលអាចប្រើប្រាស់តាមរយៈទូរសព្ទ, Tablet ឬកុំព្យូទ័រ ដោយគ្រាន់តែធ្វើការស្កេនលើលិខិតឆ្លងដែន ហើយម្ចាស់ទីតាំង ឬម្ចាស់អាជីវកម្មអាចដំឡើងកម្មវិធីនេះបានដោយងាយស្រួល។ ព្រមជាមួយគ្នានេះ ដើម្បីសម្រួលនិងជំនួយដល់ការប្រើប្រាស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក៏បានរៀបចំជាមេរៀនខ្លីៗ ស្ដីពីរបៀបតំឡើង ក៏ដូចជារបៀបប្រើប្រាស់កម្មវិធីជា៣ភាសា គឺភាសាខ្មែរ ភាសាអង់គ្លេស និងភាសាចិនផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី (ហង្សនាគ០១)
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី ()
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ (ហង្សនាគ០១)
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ ()
អ្នកមានលុយមានឥទ្ធិពលដាក់បណ្តឹងតែ ១ខែ ១ថ្ងៃតុលាការចេញសាលក្រម រីឯយាយចាស់ម្នាក់ដាក់បណ្តឹងដល់ស្លាប់ខ្លួនទៅហើយនៅតែពុំបានយុត្តិធម៌ (ហង្សនាគ០១)
វីដែអូ
ចំនួនអ្នកទស្សនា