ទឹកជំនន់នៅឥណ្ឌា និងនេប៉ាល់ឆក់យកជីវិតមនុស្ស១៨៩នាក់ និងជិត៤លាននាក់ភៀសខ្លួនពីលំនៅដ្ឋាន
ឥណ្ឌា ៖ ក្រុមមន្រ្តីរដ្ឋាភិបាលបាននិយាយកាលពីចុងសប្តាហ៍កន្លងទៅថា មនុស្សជិត៤លាននាក់នៅក្នុងរដ្ឋអាសាម (Assam) ភាគឦសានប្រទេសឥណ្ឌា និងប្រទេសនេប៉ាល់ដែលជាប្រទេសជិតខាងបានភៀសខ្លួនចេញពីលំនៅដ្ឋានដោយសារទឹកជំនន់ដែលកើតចេញពីភ្លៀងធ្លាក់ខ្លាំងខែវស្សា ហើយមនុស្សរាប់សិបនាក់ទៀតបានបាត់ខ្លួនស្របពេលដែលចំនួនអ្នកស្លាប់បានកើនឡើងដល់យ៉ាងហោចណាស់១៨៩នាក់។
យោងតាមក្រុមមន្រ្តី ទឹកទន្លេប្រាម៉ាពូត្រា (Brahmaputra) ដែលហូរកាត់តំបន់ទីបេរបស់ចិន, ឥណ្ឌា និងបង់ក្លាដែស បានធ្វើឱ្យខូចខាតដល់ដំណាំ និងបង្កឱ្យមានការរអិលបាក់ល្បាប់ភក់ ហើយបណ្ដាលឱ្យមនុស្សរាប់លាននាក់បាត់បង់ទីលំនៅ។ មន្ត្រីរដ្ឋាភិបាលបាននិយាយ ថា មនុស្សជាង៣លាននាក់នៅក្នុងរដ្ឋអាសាម បានភៀសខ្លួនចេញពីទីលំនៅដោយសារការវាយប្រហាររបស់ទឹកជំនន់ចំនួន៣លេីកផ្ទួនៗគ្នាចាប់តាំងពីចុងខែឧសភាមកដែលបានឆក់យកជីវិតមនុស្សចំនួន៧៩នាក់។
រដ្ឋអាសាមកំពុងប្រឈមនឹងបញ្ហាធំចំនួន២នាពេលនេះគឺការតស៊ូនឹងទឹកជំនន់ និងការប្រយុទ្ធប្រឆាំងនឹងការឆ្លងរាតត្បាតរបស់វីរុសកូវីដ១៩។ ក្នុងចំណោម៣៣ ស្រុក មានស្រុកចំនួន២៥ហេីយដែលនៅបន្តរងផលប៉ះពាល់ដោយសារទឹកជំនន់នាពេលបច្ចុប្បន្ននេះ។
នៅក្នុងប្រទេសនេប៉ាល់ដែលជាប្រទេសជិតខាងឯណោះវិញ រដ្ឋាភិបាលបានស្នើសុំឱ្យពលរដ្ឋនៅតាមតំបន់ទំនាបភាគខាងត្បូងបន្តប្រុងប្រយ័ត្នដោយសារភ្លៀងធ្លាក់ខ្លាំងរដូវវស្សាត្រូវបានគេរំពឹងថានឹងបន្តធ្លាក់ក្នុងប្រទេសនេះ ជាកន្លែងដែលមនុស្សជាង១០០នាក់បានស្លា ប់ដោយសារទឹកជំនន់ និងការរអិលបាក់ដីចាប់តាំងពីខែមិថុនាមក៕