ខេមរសហព័ន្ធតេក្វាន់ដូWTបើកវគ្គបណ្តុះបណ្តាលគ្រូបង្វឹករយៈពេល៤ខែ
ភ្នំពេញ៖ខេមរសហព័ន្ធតេក្វាន់ដូWTបើកវគ្គបណ្តុះបណ្តាលគ្រូបង្វឹកតេក្វាន់ដូWTកម្រិតគ្រូបង្វឹករយៈពេល៤ខែដល់សិក្ខាកាមជិត១០នាក់ឱ្យក្លាយជាគ្រូបង្វឹកកីឡាប្រភេទនេះនៅតាមសាលារៀនរដ្ឋនិងក្លិបតាមបណ្តាខេត្តនានា។
លោកឆយយ៉ុងសុកគ្រូបង្វឹកជម្រើសជាតិប្រាប់ឱ្យដឹងថាវគ្គបំប៉នដល់គ្រូបង្វឹកលើកនេះដោយផ្តោតលើការហ្វឹកហាត់បច្ចេកទេសលើវិញ្ញាសាសម្តែងមេគុន។ចំពោះសិក្ខាកាមទាំងអស់ក្រោយពីបញ្ចប់ក៏បន្តបំពេញបេសកកម្មទៅតាមសាលារៀននានានៅទូទាំងប្រទេស។ការបង្ហាត់បង្រៀនដោយរូបលោកផ្ទាល់រៀងរាល់ថ្ងៃសៅរ៍ និងអាទិត្យនៅអាគារប៊ូយ៉ុងនៃពហុកីឡដ្ឋានជាតិអូឡាំពិក។
លោកគ្របានបន្តថាវគ្គនេះក្នុងគោលបំណងក្នុងការអភិឌ្ឍនវិស័យកីឡាតេក្វាន់ដូWTនៅប្រទេសកម្ពុជា ព្រមទាំងជាផែនការមេរបស់ប្រធានខេមរសហព័ន្ធជំរុញពង្រីកកីឡាមួយនេះមានទូទាំងប្រទេស និងត្រៀមដាក់បញ្ជូនលើកការសិក្សាតាមសាលារដ្ឋ។
វគ្គបណ្តុះបណ្តាលនេះ អាចប្រព្រឹត្តទៅបាន ដោយ សារបានថវិកាគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការជួយពន្លឿនខេមរសហព័ន្ធ តេក្វាន់ដូ ដើម្បីធ្វើការបណ្តុះបណ្តាល ធនធានមនុស្ស ។ដូចជាមន្ត្រីបច្ចេកទេសអាជ្ញាកណ្ដាល-ចៅក្រម និងគ្រូបង្វឹកតេក្វាន់ដូថ្នាក់មូលដ្ឋានថ្នាក់ជាតិ និងថ្នាក់អន្តរជាតិជាដើមសម្រាប់ត្រៀមធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២នាឆ្នាំ២០២៣ខាងមុខនិងត្រៀមចូលរួមក្នុងកម្មវិធីប្រកួតជាលក្ខណៈអន្តរជាតិនានា។
លោកគង់សក្ខិដាអគ្គលេខាធិការនៃប្រធានខេមរសហព័ន្ធតេក្វាន់ដូWTបានឱ្យដឹងថាកន្លងមកសហព័ន្ធធ្លាប់បើកវគ្គបណ្តុះបណ្តាលយើងរៀបចំចែកចេញជា២វគ្គដែលមានសិក្ខាកាមចូលរួមចំនួន៥០នាក់មកពីរាជធានីខេត្តចំនួន៤ គឺភ្នំពេញ កណ្តាល បាត់ដំបង់ និងសៀមរាប។
ដោយវគ្គបណ្តុះបណ្តាលអាជ្ញាកណ្ដាលចៅក្រមតេក្វាន់ដូថ្នាក់មូលដ្ឋាន-ជាតិមានសិក្ខាកាមសរុបចំនួន២៥នាក់ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៦ខែធ្នូឆ្នាំ២០១៩នៅសាលហ្វឹកហាត់តេក្វាន់ដូប៊ូយ៉ុង-ខ្មែរ បង្រៀនដោយអាជ្ញាកណ្តាលអន្តរជាតិលោកហែមសំណាងនិងលោកយឹមសត្ថា៕