បញ្ជូនអណ្តើកហ្លួងមួយក្បាលទៅព្យាបាលក្រោយសង្គ្រោះពីជាប់ផ្លែសន្ទូច
ភ្នំពេញ៖កាលពីថ្ងៃទី៧ខែកក្កដាឆ្នាំ២០២០នេះក្រុមការងារអភិរក្សអណ្ដើកនៃអង្គការWCSសហការជាមួយរដ្ឋបាលជលផលបានបញ្ជូនអណ្ដើកហ្លួងជំទង់មួយក្បាលជាប្រភេទជិតផុតពូជបំផុតនៅលើសកលលោកទៅកាន់មជ្ឈមណ្ឌលអភិរក្សសត្វល្មូនខេត្តកោះកុងដើម្បីពិនិត្យព្យាបាលនិងតាមដានសុខភាព។
ដោយសារអណ្ដើកនេះបានជាប់ផ្លែសន្ទូចដែលគេដាក់បង្កៃត្រីននេលនិងត្រូវបានប្រជានេសាទប្រទះឃើញកាលពីថ្ងៃទី៥ខែកក្កដានៅតាមដងព្រែកស្រែអំបិលក្នុងស្រុកស្រែអំបិលខេត្តកោះកុង។នេះបើតាមប្រភពឱ្យដឹងពីអង្គការWCSឱ្យដឹងនៅថ្ងៃទី៧ខែកក្កដានេះ។នៅព្រឹកបន្ទាប់ប្រជានេសាទនោះបានយកអណ្ដើកមកប្រគល់ជូនក្រុមការងារនៃអង្គការWCSនៅស្រុកស្រែអំបិល។
មន្ត្រីបានពិនិត្យផ្ទៀងផ្ទាត់មើលលេខសម្គាល់អត្តសញ្ញាណនៅលើបន្ទះឈីប(microchip)ដែលបានបង្កប់នៅក្នុងជើងខាងស្ដាំរបស់វា។ក្រុមការងារបានបញ្ជាក់ថាអណ្ដើកនេះត្រូវបានលែងចូលក្នុងប្រព័ន្ធព្រែកស្រែអំបិលកាលពីខែមេសាឆ្នាំ២០១៩ហើយក្រោយមកក្រុមការងារមិនដែលបានស្វែងរកឃើញអណ្ដើកនេះម្ដងណាឡើយ។
ដោយសារអណ្ដើកនេះមានរបួសមាត់បន្តិចក្រោយពីដោះផ្លែសន្ទូចចេញក្រុមការងារបានរក្សាអណ្ដើកនេះទុកក្នុងមជ្ឈមណ្ឌលពីរបីថ្ងៃដើម្បីពិនិត្យតាមដានសុខភាពមុននឹងលែងវាចូលទៅក្នុងទីជម្រកធម្មជាតិវិញ។
ក្រុមការងារទាំងអស់សូមថ្លែងអំណរគុណដល់ប្រជានេសាទដែលបានចូលរួមសហការនិងបានប្រគល់អណ្ដើកហ្លួងនេះជូនវិញដោយផ្ទាល់ ក្នុងស្មារតីចូលរួមការងារអភរិក្សសត្វដ៏កម្រនេះ។
អង្គការWCSនិងដៃគូជាច្រើនកំពុងធ្វើការរួមគ្នាដើម្បីទប់ស្កាត់ការចាប់និងការជួញដូរខុសច្បាប់នូវប្រភេទ អណ្តើកជិតផុតពូជនានាក្រោមគម្រោង «ដៃគូប្រយុទ្ធប្រឆាំងបទល្មើសសត្វព្រៃគាំទ្រដោយ សហភាពអឺរ៉ុប»៕