ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ ហង្សនាគ!
«សាររបស់ឯកឧត្តម ម៉ូតេហ្គី តូស៊ីមីត្សឹ រដ្ឋមន្រ្តីការបរទេសជប៉ុន»
Fri,21 August 2020 (Time 08:49 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 579នាក់)

ជំរាបសួរប្រជាជនកម្ពុជាជាទីរាប់អាន!
ថ្ងៃនេះខ្ញុំបានមកធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជាជាលើកដំបូង ក្រោយពីខ្ញុំបានទទួលដំណែងជារដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុន។ កន្លងមកនេះ ខ្ញុំធ្លាប់បានមកធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជាប៉ុន្មានលើករួចមកហើយ ហើយអ្វីដែលដិតជាប់នៅក្នុងចិត្តរបស់ខ្ញុំមិនអាចបំភ្លេចបាននោះគឺសម្រស់ថ្ងៃលិចមើលពីប្រាសាទអង្គរវត្ត។ កាលពីឆ្នាំ២០១៤ ក្នុងនាមជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម ខ្ញុំបានមកធ្វើទស្សនកិច្ចនៅកម្ពុជាជាមួយនាយកប្រតិបត្តិនៃក្រុមហ៊ុនជប៉ុនជាច្រើន ដើម្បីជំរុញការផ្លាស់ប្តូរសេដ្ឋកិច្ចផងដែរ។
ក្រោយសង្គ្រាមស៊ីវិលនៅកម្ពុជា ប្រទេសជប៉ុនបានរួមដំណើរជួយគាំទ្រដល់ដំណើរការស្វែងរកសន្តិភាព ការស្តារឡើងវិញក៏ដូចជាការអភិវឌ្ឍជាបន្តបន្ទាប់របស់ប្រទេសកម្ពុជា ដែលនេះគឺជាមូលដ្ឋានគ្រឹះនៃចំណងមិត្តភាពនៃប្រទេសទាំងពីរ ហើយទំនាក់ទំនងនេះមានភាពស៊ីជម្រៅថែមទៀតក្នុងវិស័យផ្សេងៗដូចជា នយោបាយ សន្តិសុខ សេដ្ឋកិច្ច វប្បធម៌ និងការផ្លាស់ប្តូរធនធានមនុស្សជាដើម។ បើប្រៀបធៀបជាមួយឆ្នាំ២០១៤ ដែលខ្ញុំបានធ្វើដំណើរទស្សនកិច្ចលើកមុន ចំនួនប្រជាជនជប៉ុននៅកម្ពុជាបានកើនឡើង២.២ដង (ពី១,៧៩៣នាក់ ដល់៣,៩៣៤នាក់) រីឯក្រុមហ៊ុនជប៉ុនកើន២.៧ដង (ពី១៤២ក្រុមហ៊ុន ដល់៣៨៨ក្រុមហ៊ុន)។ ចំណែកឯពាណិជ្ជកម្មទ្វេភាគីកើន២.៣ដង (ពី១០០លានដុល្លាអាមេរិករហូត ដល់២៣០លានដុល្លាអាមេរិក)។ ប្រជាជនកម្ពុជាដែលកំពុងរស់នៅប្រទេសជប៉ុនកើន៤.៣ដង (ពី៣,៤៣៦នាក់ ដល់១៥,០២០នាក់)។ ប្រទេសកម្ពុជាស្ថិតនៅទីកណ្តាលនៃច្រករបៀងសេដ្ឋកិច្ចភាគខាងត្បូងដែលតភ្ជាប់តំបន់មេគង្គ និងពាក់កណ្តាលនៃចំនួនប្រជាជន ជាយុវជនវ័យក្មេង និងស្វាហាប់អាយុក្រោម២៥ឆ្នាំ ដែលនេះជាសក្តានុពលធ្វើឲ្យទំនាក់ទំនងទ្វេភាគីមានភាពកាន់តែស៊ីជម្រៅថែមទៀត។

សហគមន៍អន្តរជាតិ កំពុងប្រឈមជាមួយការរីករាលដាលនៃជម្ងឺកូវីដ១៩នៅទូទាំងពិភពលោក។ ខ្ញុំសូមកោតសរសើរ ដល់ប្រទេសកម្ពុជាដែលកំពុងគ្រប់គ្រងបាននូវការឆ្លងរាលដាលនេះ ដោយកិច្ចខិតខំប្រឹងប្រែងរបស់អ្នកពាក់ព័ន្ធក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងកិច្ចសហការរបស់ប្រជាជន។

ប្រទេសជប៉ុន បាននាំមុខក្នុងសហគមន៍អន្តរជាតិជួយដល់ប្រទេសដែលមានប្រព័ន្ធសុខាភិបាលមានកម្រិត ដើម្បីទប់ទល់នឹងកូវីដ១៩។ ចំពោះប្រទេសកម្ពុជា ប្រទេសជប៉ុនកំពុងចូលរួមចំណែកតាមរយៈការផ្តល់សម្ភារៈពេទ្យ (អាវពេទ្យសម្រាប់ការពារ និងស្រោមដៃជាដើម)នៅខែកុម្ភៈកន្លងមកនេះ និងការផ្តល់បរិក្ខារវេជ្ជសាស្រ្ត និងកែលម្អមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ក្នុងទឹកប្រាក់ប្រមាណ៤,២០០លានយ៉េន ព្រមទាំងជំនួយបច្ចេកទេសតាម និងសម្ភារៈផ្សេងៗក្នុងទឹកប្រាក់ប្រមាណ១ពាន់លានយ៉េន តាមរយៈអង្គការអន្តរជាតិផងដែរ។ ចំណែកនៅក្នុងវិស័យឯកជន ក្រុមហ៊ុនជប៉ុនកំពុងសហការក្នុងការផ្តល់កម្មវិធីអប់រំជាApp និងកម្មវិធីសិក្សាតាមប្រព័ន្ធអ៊ីនធើណែត រួមទាំងអង្គការក្រៅរដ្ឋាភិបាលជប៉ុនក៏បានកំពុងផ្សព្វផ្សាយនូវវិធានការបង្ការការឆ្លងមេរោគ ក៏ដូចជាគាំទ្រដល់កុមារដែលមិនអាចចូលរៀនដោយសារការបិទសាលារៀន។ ជាមួយគ្នានេះ ក៏មានវេជ្ជបណ្ឌិតជនជាតិជប៉ុនមួយចំនួន បានធ្វើដំណើរចូលក្នុងប្រទេសកម្ពុជា ដើម្បីបំពេញការងារការវះកាត់បន្ទាន់ និងព្យាបាលជម្ងឺជូនប្រជាជនកម្ពុជាផងដែរ។

ចំណាត់ការលើវិធានការកូវីដ១៩ទាំងនេះ ក៏បានធ្វើឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែមានភាពរឹងមាំផងដែរ។ ដើម្បីពង្រឹងទំនាក់ទំនងនេះបន្ថែមទៀត យើងនឹងបន្តកិច្ចពិភាក្សាជាមួយរាជរដ្ឋាភិបាលកម្ពុជាដើម្បីបើកឡើងវិញនូវការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនក្នុងវិស័យធុរកិច្ចតាមលក្ខណៈសមស្របនឹងការការពារការឆ្លងរាលដាលសារជាថ្មីនៃកូវីដ១៩។ ម៉្យាងវិញទៀត ខ្ញុំក៏មានបំណងជម្រុញនូវសាមគ្គីភាពឆ្ពោះទៅរកការស្តារសេដ្ឋកិច្ច និងការអភិវឌ្ឍក្រោយពេលដែលការរីករាលដាលកូវីដ១៩នេះត្រូវបានបញ្ចប់ផងដែរ ។

កាលពីខែមករាឆ្នាំនេះ ខ្ញុំបានជួបជាមួយយុវជនកម្ពុជាដែលមានចំណាប់អារម្មណ៍លើនយោបាយចំនួន១០រូប ដែលបានមកធ្វើទស្សនាកិច្ចនៅប្រទេសជប៉ុន ហើយពួកគាត់ទាំងអស់គ្នាបានសម្តែងចេញនូវស្មារតីចង់អភិវិឌ្ឍប្រទេសរបស់ខ្លួនខ្លាំងណាស់។ ប្រទេសកម្ពុជាមានធនធានមនុស្សប្រៀបដូចជាកំពូលនៃប្រាសាទអង្គរវត្ត និងប្រាសាទអង្គរធំ ដែលត្រូវបានទ្រដោយថ្មរឹងមាំដាក់បន្តុបលើគ្នាជាច្រើនដើម្បីឲ្យខ្ពស់។ ម៉្យាងវិញទៀត ដូចគ្នានឹងយុគសម័យអង្គរដែលបានរីកចម្រើនលូតលាស់ដោយការរួមរស់ជាមួយគ្នា និងការលាយបញ្ចូលគ្នារវាងសាសនាហិណ្ឌូ និងព្រះពុទ្ធសាសនា ប្រទេសកម្ពុជាមានប្រវត្តិ និងប្រពៃណីទទួលយកវប្បធម៌ គំនិតខុសៗគ្នា និងធនធានមនុស្សផ្សេងៗគ្នាផងដែរ។ ប្រទេសជប៉ុននឹងបន្តផ្តល់ការគាំទ្រដើម្បីឲ្យប្រទេសកម្ពុជាអាចដើរលើមាគ៌ាសំដៅទៅរកទិសដៅនៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យរបស់ខ្លួន ដោយបញ្ចូលកម្លាំងយុវជនជាសសរទ្រូង។

ខ្ញុំទន្ទឹងរង់ចាំនឹងជួបពិភាក្សាយ៉ាងស្មោះអស់ពីចិត្តជាមួយសម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស ដើម្បីបន្តភាពជាដៃគូយុទ្ធសាស្ត្ររបស់ប្រទេសយើងទាំងពីរកាន់ តែរីកចម្រើនថែមទៀត៕

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី ()

ព័ត៌មានគួរចាប់អារម្មណ៍

សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ ()

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកមានលុយមានឥទ្ធិពលដាក់បណ្តឹងតែ ១ខែ ១ថ្ងៃតុលាការចេញសាលក្រម រីឯយាយចាស់ម្នាក់ដាក់បណ្តឹងដល់ស្លាប់ខ្លួនទៅហើយនៅតែពុំបានយុត្តិធម៌ (ហង្សនាគ០១)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
734 នាក់
ម្សិលមិញ :
145 នាក់
សប្តាហ៍នេះ :
3471 នាក់
ខែនេះ :
10308 នាក់
3 ខែនេះ :
31848 នាក់
សរុប :
487713 នាក់