បង្ក្រាបទីតាំងខារ៉ាអូខេមួយកន្លែងក្នុងក្រុងសែនមនោរម្យដែលមិនស្តាប់តាមការណែនាំ
ខេត្តមណ្ឌលគិរី ៖ លោកស្រីឧត្តមសេនីយត្រី ហួន គឹហេង ស្នងការរងទទួលផែនប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នាថ្ងៃទី០៦ ខែសីហាឆ្នាំ២០២០ វេលាម៉ោង២២ និង២៧នាទី បានដឹកនាំកម្លាំងចុះបង្រាប KTV យីហោ «វងភ័ក្រធារី» ឋិតនៅភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដែលលួចបើកឱ្យច្រៀងទាំងយប់ទាំងថ្ងៃយ៉ាងសកម្ម។ ប្រតិបត្តិការនេះធ្វើឡើងក្រោមបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ ឡោ សុខា និងមានការចូលរួមពីលោកវរសេនីយ៍ត្រី ចេង ម៉ាប់ អធិការរងក្រុងសែនមនោរម្យ និងកម្លាំងសរុបចំនួន១៣នាក់។
ក្នុងប្រតិបត្តិការខាងលើនេះ សមត្ថកិច្ចបានដកហូតសម្ភាររួមមាន ៖ ១-ថាច់ចុចបទចំរៀងចំនួន០៥គ្រឿង, ២-ធុងសាប់ចំនួន០៤គ្រឿង, ៣-ម៉ៃក្រូហ្វូនចំនួន០៤គ្រឿង, ៤-ក្បាលអ៊ីហ្វិចចំនួន០៥គ្រឿង, ៥- អំភ្លី ចំនួន០៧គ្រឿង បានយកមករក្សាទុកនៅការិល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការរដ្ឋាននគរបាលខេត្តមណ្ឌលគិរី។
លោកស្រីបានឱ្យដឹងថា សមត្ថកិច្ចនគរបាលរួមមានកម្លាំងនគរបាលការិយាល័យជួញដូរមនុស្ស ការិយាល័យប្រឆាំងគ្រឿងញៀនប្រមាណជាង១៣នាក់បានចុះបង្ក្រាបទីតាំងដែលលួចបើកខារ៉ាអូរខេខាងលើស្របពេលដែលជំងឺកូវីដ១៩នៅតែបន្តការឆ្លង់រាលដាល់ឥតឈប់ឈរ ដោយរឹបអូសបានសម្ភារៈយកមករក្សាទុកនៅការិយាល័យប្រឆាំងការជួញដូរមនុស្សនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគីរី ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕