នាថ្ងៃពុធក្រុមមេដឹកនាំអង្គការសង្គមស៊ីវិលដែលធ្វើការលើការលើកកម្ពស់សិទ្ធិស្ត្រីបានស្នើឲ្យមន្ត្រីអនុវត្តច្បាប់នាំខ្លួនអតីតស្នងការនគរបាលខេត្តកំពង់ធំលោកអ៊ុក កុសលមកប្រឈមនឹងការកាត់ទោសនៅតុលាការបន្ទាប់ពីអតីតមេប៉ូលិសរូបនេះត្រូវបានដកហូតពីតំណែងដោយសាររឿងបៀតបៀនផ្លូវភេទ។លោកស្រីចក់ សុភាព នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាប្រាប់វីអូអេថាអតីតមេប៉ូលិសរូបនេះគួរតែត្រូវបាននាំខ្លួនមកផ្តន្ទាទោសនៅតុលាការពីព្រោះវិធានការរដ្ឋបាលគឺមិនគ្រប់គ្រាន់ដើម្បីផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ។លោកស្រីអះអាងថាការដាក់ទោសមន្ត្រីនគរបាលជាន់ខ្ពស់រូបនេះគឺជាផ្នែកមួយនៃការឆ្ពោះទៅបញ្ចប់និទណ្ឌភាពនៅកម្ពុជា។«ចំណាត់ការ(មួយ)ផ្នែកប៉ុណ្ណេះគឺវាមិនគ្រប់គ្រាន់នោះទេ យើងត្រូវធ្វើទៅតាមនីតិវិធីច្បាប់ ហើយដើម្បីធានាថា រាល់នូវករណីរំលោភបំពានបែបនេះគឺរដ្ឋាភិបាលបានយកចិត្តទុកដាក់ ហើយយើងធ្វើទៅតាមនីតិវិធីច្បាប់ដោយមិនបង្កនូវបរិយាកាសមួយដែលយើងមើលឃើញនូវការបន្តនៃវប្បធម៌និទណ្ឌភាពនោះទេ»។កាលពីចុងខែកក្កដា លិខិតមួយច្បាប់ដែលជាពាក្យបណ្តឹងរបស់មន្ត្រីនគរបាលជាស្ត្រីបួននាក់ ត្រូវបានគេចែករំលែកតៗគ្នានៅតាមបណ្តាញសង្គម និងត្រូវបានយកមកផ្សព្វផ្សាយដោយបណ្តាញសារព័ត៌មានផងដែរ។ពាក្យបណ្តឹងចុះថ្ងៃទី៣០ ខែកក្កដា និងដែលបានផ្ញើជូនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃសម្តេចស ខេងនោះក្រុមនគរបាលជាស្ត្រីបួនរូបនោះ បានចោទប្រកាន់លោក អ៊ុក កុសល ធ្ងន់ៗថាបានលួងលោមមន្ត្រីនគរបាលជាស្ត្រីឲ្យផ្តល់ខ្លួនប្រាណឲ្យលោកឬអនុញ្ញាតឲ្យលោកប៉ះពាល់កេរភេទ ជាថ្នូរនឹងការបានឡើងឋានន្តរស័ក្តិ។ក្រសួងមហាផ្ទៃបានសម្រេចបញ្ចប់តំណែងលោក អ៊ុក កុសល ក្រោយពីរកឃើញថាលោកបានប្រព្រឹត្តអំពើបៀតបៀនផ្លូវភេទលើមន្ត្រីនគរបាលដែលជាស្ត្រីនៅស្នងការដា្ឋននគរបាលខេត្តកំពង់ធំ។មាត្រា២៤៦នៃក្រមព្រហ្មទណ្ឌកម្ពុជាស្តីពីបទប្រទូស្តកេរខ្មាស បានចែងថា៖«គ្រប់អំពើប៉ះពាល់ ស្ទាបអង្អែលកេរភេទ ឬផ្នែកភេទផ្សេងទៀតរបស់បុគ្គលដទៃតែបុគ្គលនេះមិនស្ម័គ្រផងទេ ឬបង្ខំបុគ្គលដទៃឲ្យប្រព្រឹត្តអំពើនេះមកលើខ្លួន ឬទៅលើតតិយបុគ្គលក្នុងគោលបំណងធ្វើឲ្យរំជួល ឬរីករាយដល់ចំណង់ផ្លូវភេទរបស់ជនល្មើសគឺជាអំពើប្រទូស្តកេរខ្មាស»។បទល្មើសនេះ អាចត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំទៅ៣ឆ្នាំនិងពិន័យជាប្រាក់ពីពីរលានរៀល ទៅប្រាំមួយលានរៀល។សារព័ត៌មានយើងមិនទាន់អាចសុំការអធិប្បាយពីអតីតស្នងការនគរបាលខេត្តកំពង់ធំលោក អ៊ុក កុសលបានទេក៏មិនទាន់អាចទាក់ទងសុំការអត្ថាធិប្បាយពីមន្ត្រីនគរបាលជាស្ត្រីដែលប្តឹងលោក អ៊ុក កុសលផងដែរ។ក្រោយបែកធ្លាយពាក្យបណ្តឹងរបស់មន្ត្រីនគរបាលជាស្ត្រីនៅខេត្តកំពង់ធំលោកអ៊ុក កុសល បានបកស្រាយក្នុងឃ្លីបវីដូអេមួយថា បណ្តឹងប្រឆាំងនឹងលោកនោះកើតឡើងដោយ«មានការរៀបចំជាប្រព័ន្ធ និងមានសេណារីយ៉ូ» ដើម្បីធ្វើបាបរូបលោក ក្នុងគោលដៅឲ្យលោកបាត់បង់តំណែងជាស្នងការ។លោកនាយឧត្តមសេនីយ៍ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ មានប្រសាសន៍វីអូអេថា លោកសូមស្វាគមន៍ទទួលយកយោបល់របស់ក្រុមសង្គមស៊ីវិលទាក់ទងនឹងវិធានការផ្លូវច្បាប់ប្រឆាំងលោក អ៊ុក កុសលដែលត្រូវរដ្ឋមន្ត្រីក្រសួងមហាផ្ទៃដកចេញពីមុខតំណែងកាលពីថ្ងៃច័ន្ទ។យ៉ាងណាក៏ដោយលោកយល់ថាវិធានការដកហូតបុណ្យស័ក្តិនេះគឺវាគ្រប់គ្រាន់និងធ្ងន់រួចទៅហើយសម្រាប់មន្ត្រីនគរបាលនោះ។ លោកបន្ថែមថា ក្រសួងក៏បានដាក់សំណើទៅរដ្ឋាភិបាលឲ្យបន្ថយឋានន្តរស័ក្តិលោកអ៊ុក កុសល ពីថ្នាក់ឧត្តមសេនីយ៍ទោ(ផ្កាយពីរ)មកត្រឹមថ្នាក់វរសេនីយ៍ឯក(ស័ក្តិប្រាំ)ផងដែរ។«ការលើកយោបល់សម្តែងមតិអ៊ីចឹង វាមិនអីជាការខុសច្បាប់ទេ គ្រាន់ថាសូមជម្រាបជូនថាការណ៍ដែលប្តឹងទៅតុលាការនេះ ក៏វាអាចបញ្ជូនធ្វើទៅបានដែរ។ប៉ុន្តែខ្ញុំគិតថា ការដោះស្រាយប៉ុណ្ណោះ គឺជារឿងមួយដែលវាធ្ងន់សមរម្យដែរសម្រាប់មន្ត្រីនគរបាលព្រោះថាមិនត្រឹមតែបញ្ឈប់ពីតំណែងទេ គឺបានស្នើសុំទៅរាជរដ្ឋាភិបាល ដើម្បីបញ្ចុះឋានន្តរស័ក្តិ សាមីខ្លួនពីរថ្នាក់ទៀត បានសេចក្តីថាពីផ្កាយពីរ មកនៅត្រឹមស័ក្តិប្រាំ ហើយខ្ញុំគិតថានេះជាសារមួយយ៉ាងធ្ងន់ដែរចំពោះកងនគរបាលជាតិទាំងមូល»។លោកនាយឧត្តមសេនីយ៍នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានប្រាប់បណ្តាញព័ត៌មានក្នុងស្រុកមួយកាលពីថ្ងៃអង្គារថាសំណុំរឿងលោក អ៊ុក កុសល មិនអាចបញ្ជូនទៅតុលាការបានទេ ដោយសារតែ«អាជ្ញាធរលំបាកក្នុងការចងក្រងឯកសារនិងធាតុផ្សំនៃរឿង…និងដើម្បីការពារសេចក្តីថ្លៃថ្នូររបស់ជនរងគ្រោះជានគរបាលស្ត្រីទាំងនោះផងដែរ»។លោក ស៊ឹង សែនករុណា មន្ត្រីសិទ្ធិមនុស្សជាន់ខ្ពស់នៃសមាគមការពារសិទ្ធិមនុស្សអាហុក គាំទ្រឲ្យមានវិធានការច្បាប់ លើអតីតស្នងការប៉ូលិសខេត្តកំពង់ធំដើម្បីព្រមានដល់មន្ត្រីមានបុណ្យស័ក្តិផ្សេងទៀត មិនឲ្យឆ្លៀតប្រព្រឹត្តអំពើអសីលធម៌បែបនេះមកលើមន្ត្រីក្រោមបង្គាប់របស់ខ្លួន។«បើមិនមានចំណាត់ការបែបនេះយើងព្រួយបារម្ភថាលើកក្រោយៗអ្នកដែលមានតួនាទីមានឥទ្ធិពល មានអំណាបែបហ្នឹង ចេះតែប្រព្រឹត្តនូវអំពើល្មើសច្បាប់ លើ្មសសីលធម៌អីបែបហ្នឹង»។តាមរយៈលិខិតមួយច្បាប់ចុះថ្ងៃទី៣០ ខែកក្កដា ដាក់ទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃសម្តេច ស ខេង។ក្នុងពាក្យបណ្តឹងដែលមានស្នាមមេដៃរបស់ពួកគេពួកគេចោទថាលោក អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំបានលួងលោមមន្ត្រីនគរបាលជាស្ត្រីឲ្យផ្តល់ខ្លួនប្រាណឲ្យលោកឬអនុញ្ញាតឲ្យលោកប៉ះពាល់កេរភេទជាថ្នូរនឹងការបានឡើងឋានន្តរស័ក្តិ។ពាក្យបណ្តឹងបញ្ជាក់ថា៖ «ក្រៅពីពាក្យសម្តីលួងលោម បុគ្គលនេះក៏បានចាប់បង្ខំស្ទាបអង្អែលកេរ្តិ៍ខ្មាស់ដោយមិនញញើតទោះបីពេលខ្លះពួកនាងខ្ញុំ ខំរើបម្រះ ឬ ចង់ស្រែកប្រាប់គេឯង ក៏មិនហ៊ាន ព្រោះខ្លាចអំណាចគាត់ជាស្នងការ។ម្យ៉ាងទៀតគាត់បានគំរាមមិនឲ្យប្រាប់រឿងដែលគាត់បានប្រព្រឹត្តនោះឲ្យអ្នកណាដឹងទេ បើហ៊ានគឺមានបញ្ហាហើយ»។ពួកគេបានរៀបរាប់ទៀតថា៖ «នគរបាលជានារី ដែលចូលទៅជួបគាត់មួយចំនួនគឺជួបរឿងបែបនេះ ហើយក៏មាននគរបាលជានារីខ្លះជួបរឿងឈឺចាប់ត្រូវបែកបាក់គ្រួសារ»។ក្រុមមន្ត្រីនគរបាលជានារីទាំងអស់នោះ អះអាងទៀតថា កន្លងមកពួកគេបានទៅបំភ្លឺនៅនាយកដ្ឋានបុគ្គលិករួចហើយ។ ប៉ុន្តែពុំទទួលបានយុត្តិធម៌ទេ។ ពួកគេថា ផ្ទុយទៅវិញលោក អ៊ុក កុសល បានគាបសង្កត់ មើលងាយមើលថោក«ដោយគំរាមមិនឲ្យតែងតាំង ឬ ដំឡើងស័ក្តិជាដើម»។ក្រុមមន្ត្រីនគរបាលជានារីដដែលក៏បានចោទថា លោក អ៊ុក កុសល «ដឹកនាំបង្កើតបក្ខពួក សែសាឡាយពុករលួយនិងអុជអាលឲ្យមានការបែកបាក់សាមគ្គីផ្ទៃក្នុងទាំងថ្នាក់ដឹកនាំស្នងការនិងមន្ត្រីក្រោមឱវាទ»។ចំណែកនាយករដ្ឋបាលសាលាខេត្តកំពង់ធំ លោក យ៉ូវ សេងគុណកន្លងមកធ្លាប់បានប្រាប់ព័ត៌មានថាលោកមិនជឿថាលោក អ៊ុក កុសលប្រព្រឹត្តអំពើបែបនេះទេ។«ខ្ញុំអត់ដែលមានដឹងឮព័ត៌មានហ្នឹង!ពីមុនមកអ៊ីចឹងទៅណ៎ាហើយអត្តចរិតការបំពេញការងាររបស់គាត់ក៏គាត់មិនដែលមានឥរិយាបថបែបហ្នឹងដែរ»៕
ព័ត៌មានគួរចាប់អារម្មណ៍
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី (ហង្សនាគ០១)
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី ()
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ (ហង្សនាគ០១)
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ ()
អ្នកមានលុយមានឥទ្ធិពលដាក់បណ្តឹងតែ ១ខែ ១ថ្ងៃតុលាការចេញសាលក្រម រីឯយាយចាស់ម្នាក់ដាក់បណ្តឹងដល់ស្លាប់ខ្លួនទៅហើយនៅតែពុំបានយុត្តិធម៌ (ហង្សនាគ០១)
វីដែអូ
ចំនួនអ្នកទស្សនា