នៅវិមានសន្តិភាព នាព្រឹកថ្ងៃសុក្រ៩ រោចខែភទ្របទ ឆ្នាំជូត ទោស័ក ២៥៦៤ ត្រូវនឹងថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០២០ នេះសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោកជំទាវ Manika Jain ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំនៅកម្ពុជា ដែលចប់អាណត្តិបេសកកម្មការទូត។ក្នុងជំនួបនោះ លោកជំទាវ Manika Jain បានគោរពសម្ដែងនូវការវាយតម្លៃខ្ពស់ចំពោះការគ្រប់គ្រងជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា។ លោកជំទាវបានមានប្រសាសន៍ថា កម្ពុជាបានគ្រប់គ្រងការរាតត្បាតជំងឺកូវីដ១៩បានយ៉ាងល្អប្រសើរ ដែលរហូតមកដល់ថ្ងៃនេះ អ្នកជំងឺកូវីដ១៩នៅកម្ពុជាបានជាសះស្បើយទាំងស្រុង ជាមួយគ្នានេះផងដែរលោកជំទាវក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មន្ត្រីរាជរដ្ឋាភិបាលកម្ពុជាទាំងអស់និងប្រជាជនកម្ពុជាដែលកន្លងមកបានផ្ដល់នូវការគាំទ្រដល់កិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរធ្វើឱ្យបេសកកម្មកាទូតរបស់លោកជំទាវនៅកម្ពុជានាពេលនេះជាង២ឆ្នាំកន្លងមកនេះ ទទួលនូវភាពជោគជ័យត្រចះត្រចង់ ក្នុងនោះរួមទាំងមានការអញ្ជើញទស្សនកិច្ចផ្លូវការរបស់សម្ដេចតេជោទៅកាន់ប្រទេសឥណ្ឌាផង ហើយជាមួយគ្នានោះ ក៏មាន ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសាធារណការ និងថ្នាក់ដឹកនាំកម្ពុជាមួយចំនួនទៀត បានទៅធ្វើទស្សនកិច្ចនៅប្រទេសឥណ្ឌាផងដែរ។លើសពីនេះទៅទៀត ក៏មានការធ្វើដំណើរមកប្រទេសកម្ពុជារបស់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មឥណ្ឌារដ្ឋមន្ត្រីការពារជាតិឥណ្ឌាផងដែរដែលសកម្មភាពទាំងអស់នេះធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែរឹងមាំនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែរីកដុះដាលប្រសើរឡើងជាលំដាប់។លោកជំទាវបានបន្តទៀតថាក្នុងដំណើរទស្សនកិច្ចនីមួយៗមានការចុះហត្ថលេខាលើអនុស្សារណៈកិច្ចព្រមព្រៀងលើការអភិវឌ្ឍគម្រោងផ្សេងៗផងដែរដែលជំរុញទំនាក់ទំនងនៃប្រទេសទាំងពីរអោយកាន់តែល្អបន្ថែមទៀត។ជាសាក្ខីភាពទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរបានកើនឡើងជាលំដាប់ក្នុងន័យនេះដែរលោកជំទាវក៏បានគោរពជម្រាបជូនសម្ដេចតេជោថា តាមអ្វីដែលលោកជំទាវបានកត់សម្គាល់ គឺក្នុងរយៈពេលជាង២ឆ្នាំកន្លះនេះ កម្ពុជា និងឥណ្ឌាបានធ្វើសហប្រតិបត្តិការរវាងគ្នា និងគ្នាស្ទើរតែគ្រប់វិស័យទាំងអស់។ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែនក៏បានថ្លែងអំណរគុណចំពោះលោកជំទាវManikaJainនិងសហការីទាំងអស់ដែលបានដើរតួយ៉ាងសំខាន់ក្នុងការពង្រីកពង្រឹងនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។សម្ដេចតេជោបានមានប្រសាសន៍ថាសម្ដេចសម្គាល់ឃើញដូចលោកជំទាវឯកអគ្គរដ្ឋទូតឥណ្ឌាដែរថា កម្ពុជា និងឥណ្ឌាមានកិច្ចសហប្រតិបត្តិការស្ទើតែគ្រប់វិស័យទៅហើយ ហើយវិស័យនីមួយៗសុទ្ធតែវិស័យសំខាន់ៗក្នុងការជំរុញលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។ សម្តេចតេជោបន្តថា អ្វីដែលជាការងារបន្តសម្ដេចតេជោបានជម្រាបជូនលោកជំទាវថា យើងគប្បីណាលើកកម្ពស់អនុស្សារណៈដែលយើងបានចុះហត្ថលេខារួចមក ឱ្យទៅជាកិច្ចព្រមព្រៀង ហើយកិច្ចព្រមព្រៀងដែលយើងបានចុះជាមួយគ្នាគប្បីណាជំរុញការអនុវត្ត ដើម្បីឈានឆ្ពោះទៅការជោគជ័យលើរាល់កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាហើយនោះ ។សម្តេតេជោហ៊ុនសែនក៏បានមានប្រសាសន៍ផងដែរថាអ្វីដែលយើងបានចុះហត្ថលេខាយើងគប្បីណាពិនិត្យមើលបន្ថែមទៀតក្នុងការពង្រឹងតួនាទីសហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្ថែមទៀតដើម្បីទៅពង្រីកវិសាលភាពទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេស និងប្រទេសឲ្យកាន់តែរឹងមាំថែមមួយកម្រិតទៀត។ ជាទីបញ្ចប់សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានអរគុណដល់លោកជំទាវ សូមជូនពរឱ្យបេសកកម្មកាទូតរបស់លោកជំទាវ ទទួលបាននូវភាពជោគជ័យជាបន្តបន្ទាប់ទៀត៕
ព័ត៌មានគួរចាប់អារម្មណ៍
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី (ហង្សនាគ០១)
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី ()
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ (ហង្សនាគ០១)
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ ()
អ្នកមានលុយមានឥទ្ធិពលដាក់បណ្តឹងតែ ១ខែ ១ថ្ងៃតុលាការចេញសាលក្រម រីឯយាយចាស់ម្នាក់ដាក់បណ្តឹងដល់ស្លាប់ខ្លួនទៅហើយនៅតែពុំបានយុត្តិធម៌ (ហង្សនាគ០១)
វីដែអូ
ចំនួនអ្នកទស្សនា