AKPឯកឧត្តម ខៀវ កាញារីទ្ធរដ្ឋមន្រ្តីក្រសួងព័ត៌មានបានគូសបញ្ជាក់ថាដំណឹងដែលបានចេញផ្សាយនៅក្នុងទីភ្នាក់ងារសារព័ត៌មានកម្ពុជាAKPមិនបាននិយាយពីបញ្ហាគ្រោះថ្នាក់ចរាចរណ៍រឿងឈ្លោះប្រកែកគ្នាក្នុងគ្រួសារអ្វីនោះទេតែអ្វីដែលសំខាន់ត្រូវផ្សាយនោះគឺជំហររបស់រាជរដ្ឋាភិបាលនៅលើចំណុចនីមួយៗឬការអនុវត្តរបស់រាជរដ្ឋាភិបាល។ក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ទូឌីយោការិយាល័យទីភ្នាក់ងារសារព័ត៌មានកម្ពុជា និងសាលប្រជុំរបស់មន្ទីរព័ត៌មាន ខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ឯកឧត្ដមខៀវ កាញារីទ្ធ បានមានប្រសាសន៍ថាដំណឹងដែលបានចុះផ្សាយក្នុងទីភ្នាក់ងារសារព័ត៌មានកម្ពុជាមានជាភាសាខ្មែរបារាំង និងអង់គ្លេស។ឯកឧត្ដមបានលើឡើងថាព័ត៌មានគឺជាទំនិញផងជាអាវុធផងនៅពេលដំណឹងដែលផ្សាយទៅគ្មានអ្នកមើលពេលនោះស្ថាប័នព័ត៌មាន មិនអាចដំណើរការបានទៀតនោះទេ ដោយសារខ្វះថវិកាផ្គត់ផ្គង់។ ដូច្នេះ ត្រូវតែប្រឹងប្រែងរកព័ត៌មានណាដែរគេចង់មើលទើបស្ថាប័នព័ត៌មាន នោះដំណើរការទៅមុខបាន។ ឯកឧត្ដមរដ្ឋមន្រ្ដីបានបញ្ជាក់ជូនដល់បណ្តាមន្ទីរព័ត៌មានរាជធានីខេត្ដថាជារៀងរាល់ខែមិនបាច់ផ្ញើរបាយការណ៍ មកក្រសួងព័ត៌មានអំពីការផ្សាយព័ត៌មានបានប៉ុន្មានអត្ថបទក្នុង១ខែនោះទេអ្វីដែលក្រសួងចង់ដឹងនោះ ថាតើនៅក្នុងខែនេះប្រជាជនក្នុងខេត្តគិតឬចង់ដឹងរឿងអ្វីជាសំខាន់។តើមន្ទីរព័ត៌មានបានប្រតិកម្មទៅលើចម្ងល់របស់ប្រជាជនយ៉ាងដូចម្តេចខ្លះ?។ ឯកឧត្ដមបានបន្ដថាក្រសួងព័ត៌មានតែងតែបានណែនាំដល់គ្រប់មន្ទីរព័ត៌មានទាំងអស់នៅរៀងរាល់ព្រឹក ត្រូវមានការជួបប្រជុំគ្នា ដើម្បីប្រមូលនូវរាល់ព័ត៌មានថាតើថ្ងៃនេះមានរឿងអ្វីកើតឡើងក្នុងខេត្តរបស់ខ្លួន ដើម្បីធ្វើជារបាយការណ៍ដាក់ជូនទៅគណៈអភិបាលខេត្តតាមរយៈអភិបាលរង ទទួលបន្ទុកការងារព័ត៌មានសម្រាប់ផ្ដល់ឱ្យខេត្តមានប្រតិកម្មឆ្លើយតបបានទាន់ពេលវាលាចំពោះព័ត៌មាន ដែលកើតមានឡើងនោះ។ឯកឧត្ដម ខៀវ កាញារីទ្ធ បានបន្ដទៀតថាការដឹកនាំប្រទេសត្រូវការអំណាច២ទីមួយ អំណាចរឹងផ្នែកលើកម្លាំងប្រដាប់អាវុធតុលាការ ហើយបច្ចុប្បន្ននេះអំណាចរឹងត្រូវការចំណាយលុយច្រើន។ ប៉ុន្តែពេលនេះគេតែងប្រើអំណាចទុនវិញ ហើយចំណាយតិចដូចជាការ ផ្សព្វផ្សាយឃោសនាតាមវិទ្យុ ទូរទស្សន៍ ភាពយន្ត ចម្រៀង និងតាមរយៈសិល្បករ ជាដើម។ ដែលអាចទាក់ទាញចិត្តមនុស្សឱ្យទុនបានបើយើងចេះប្រើ។ ដូច្នេះ ព័ត៌មានក៏ដូចគ្នាដែរ ត្រូវធ្វើការពន្យល់ឱ្យបានខ្លីងាយយល់នូវរឿងអ្វីមួយដែលបានផ្សាយទៅ។ ឯកឧត្ដមរដ្ឋមន្រ្ដីបានបន្ថែមថាការងារព័ត៌មានមិនមែនជាតួឯកធ្វើតែម្នាក់ឯងបានជោគជ័យនោះទេ ត្រូវមានកិច្ចសហការគ្នា ទើបធ្វើឱ្យព័ត៌មានបានល្អ។ឯកឧត្ដមបានណែនាំដល់ថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់លំដាប់ថ្នាក់ ត្រូវមានកិច្ចសហការសាមគ្គីភាពផ្ទៃក្នុងឱ្យបានរឹងមាំនិងមានយុត្តិធម៌គិតពីគោលការណ៍ក្នុងការងារហើយត្រូវចេះប្រមូលគ្នាមកធ្វើការជារួម ទើបអាចសម្រេចបានលទ្ធផលការងារល្អ។ឯកឧត្តមគីមរីទ្ធីអភិបាលរងខេត្តកណ្តាលបានកោតសរសើរពីលទ្ធផលការងារ ដែលថ្នាក់ដឹកនាំមន្រ្តីរាជការនៃមន្ទីរព័ត៌មានខេត្តកណ្តាល ដែលសម្រចអនុវត្តន៍បានក្នុងរយៈពេល កន្លងមកនេះ ប្រកបដោយប្រសិទ្ធភាពនិងវឌ្ឍនភាពក្នុងនោះបានពិនិត្យឃើញថាការថតរូបភាពនិងការសរសេរអត្ថបទបានល្អប្រសើរជាងមុនហើយការផ្សព្វផ្សាយក៏បានឆាប់រហ័សផងដែរ។ឯកឧត្ដមអភិបាលរងខេត្តបានបង្ហាញនូវការចាប់អារម្មណ៍ចំពោះការផ្សាយរបស់ទីភ្នាក់សារព័ត៌មានកម្ពុជាAKP បានបម្រើដល់អ្នកអានទាំងក្នុងនិងក្រៅប្រទេស ពិសេសសម្រាប់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងអ្នកសិក្សាស្រាវជ្រាវ ជាដើម ដែលអាចមើលយល់ដឹងបានគ្រប់ពេលពីសភាពការណ៍វិវត្ដន៍ថ្មីៗរបស់ប្រទេសជាតិ។ ឯកឧត្ដមបានបន្ថែមថា ក្នុងពេលដែលឯកឧត្ដមទៅបំពេញការសិក្សានៅក្រៅប្រទេសបានបើកមើលគេហទំព័ររបស់ AKP បានដឹងពីគោលនយោបាយសំខាន់ៗជាច្រើន ដែលរាជរដ្ឋាភិបាលបានធ្វើនៅក្នុង និងក្រៅប្រទេស ហើយរាល់ឯកសារទាំងនោះ ទុកសម្រាប់ការសិក្សាបានយ៉ាងល្អថែមទៀត។បើតាមរបាយការណ៍លើកឡើងរបស់ ឯកឧត្ដមចាបវន្នីទីប្រឹក្សាក្រសួងព័ត៌មាននិងជាប្រធានមន្ទីរព័ត៌មានខេត្តកណ្តាលបានបង្ហាញពីវឌ្ឍនភាពការងាររយៈពេល៦ ដែលថ្នាក់ដឹក នាំមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ សម្រេចអនុវត្តន៍បានក្នុងរយៈពេលកន្លងមកនេះ ដោយទទួលបានលទ្ធផលល្អប្រសើរ។ ឯកឧត្ដមបានបន្ដថា បច្ចុប្បន្ន មន្ទីរព័ត៌មានខេត្តកណ្តាល ពុំមានស្ថានីយវិទ្យុ-ទូរទស្សន៍នោះទេ មន្ទីរបានប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ អេឡិចត្រូនិក តាមរយៈបណ្តាញសង្គម ដោយបង្កើតផេក ផ្លូវការទាំងបី ព្រមទាំងយូធូប ផងដែរ។ ចំពោះការងារសោតទស្សន៍ ព័ត៌មានខេត្តកណ្តាល គិតត្រឹមឆ្នាំ២០២០នេះ អង្គភាពសារព័ត៌មាន ដែលបាន ចុះបញ្ជីតាមរយៈមន្ទីរព័ត៌មាន មានចំនួន ១១៤ អង្គភាពសារព័ត៌មាន ក្នុងនោះរួមមាន៖ ស្ថានីយវិទ្យុជាតិ និងឯកជន មាន ៣ ស្ថានីយ ទូរទស្សន៍ខ្សែកាប មានចំនួន ៥ អាជីវកម្ម កាសែតចំនួន ៣៨ អង្គភាព គេហទំព័រ ចំនួន ៦៥ អង្គភាព ព្រឹត្តប័ត្រចំនួន ២ អង្គភាព។ទស្សនាវដ្តីចំនួន ១ អង្គភាព។ ក្រៅពីនេះ មានភ្នាក់ងារសារព័ត៌មាននានាប្រចាំខេត្តកណ្តាល ដែលមានស្នាក់ការនៅក្រៅខេត្តចំនួន ៣៥ អង្គភាព ទូរទស្សន៍ឯកជន គេហទំព័រ TV Online និងកាសែត។ ជាមួយគ្នានេះ ផ្សព្វផ្សាយពាណិជ្ជកម្ម តាមប៉ាណូចំនួន៤១ ផ្សព្វផ្សាយ ពាណិជ្ជ កម្មតាមស្លាកយីហោចំនួន ៧៥ កាសែតចំនួន ១៣ គេហទំព័រចំនួន ២៦ អ៊ិនធើណេតកាហ្វេចំនួន ៤ ។ ដោយឡែក សម្រាប់មន្ទីរព័ត៌មានខេត្ដបានចាប់ផ្ដើមរៀបចំស្ទីឌីយោ ការិយាល័យទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP និងសាលប្រជុំ ត្រូវបានធ្វើការជួសជុល តាំងពីដើមខែសីហា ឆ្នាំ២០២០ ដែលមានទំហំ ១៩៨ ម៉ែត្រការ៉េ និងបំពាក់សម្ភារ បច្ចេកទេសមួយចំនួន ដោយចំណាយថវិកាសរុប ២២០ លានរៀល ជាថវិការដ្ឋ ។ ដោយឡែក បន្ទប់ស្ទីឌីយោ នូវខ្វះទាំងស្រុងនូវឧបករណ៍បច្ចេកទេស។សូមបញ្ជាក់ផងដែរថា ឯកឧត្ដម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានផ្តល់នូវថវិកា ដល់មន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យា នៃមន្ទីរព័ត៌មានខេត្តកណ្តាលចំនួន៨០ នាក់ ដោយក្នុងម្នាក់ៗទទួលបាន៥ ម៉ឺនរៀល។ ទន្ទឹមនេះ ឯកឧត្ដមរដ្ឋមន្រ្ដីក៏បានផ្ដល់ កាមេរ៉ាថតរូប ០១ គ្រឿង និងកុំព្យូទ័រ ០១ គ្រឿង ជូនដល់ការិយាល័យ ទីភ្នាក់ងារសារព័ត៌មាន កម្ពុជា AKP ទុកសម្រាប់ប្រើបា្រស់ថតរូប កាត់ត ព័ត៌មាន ផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី (ហង្សនាគ០១)
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី ()
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ (ហង្សនាគ០១)
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ ()
អ្នកមានលុយមានឥទ្ធិពលដាក់បណ្តឹងតែ ១ខែ ១ថ្ងៃតុលាការចេញសាលក្រម រីឯយាយចាស់ម្នាក់ដាក់បណ្តឹងដល់ស្លាប់ខ្លួនទៅហើយនៅតែពុំបានយុត្តិធម៌ (ហង្សនាគ០១)
វីដែអូ
ចំនួនអ្នកទស្សនា