ឧត្តមសេនីយ៍ឯក ស ថេត ចុះត្រួតពិនិត្យ និងសួរសុខទុក្ខដោយផ្ទាល់តាមគ្រប់គោលដៅ និងប៉ុស្តិ៍នគរបាលរដ្ឋបាល
ភ្នំពេញ ៖ ដោយមានការយកចិត្តទុកដាក់ដល់សុខទុក្ខរបស់មន្ត្រីដែលប្រចាំការនៅតាមបណ្តាគោលដៅ និងតាមប៉ុស្តិ៍នគរបាលរដ្ឋបាលនានា ក្នុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញនាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០នេះ បានអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខដោយផ្ទាល់តាមគ្រប់គោលដៅ និងប៉ុស្តិ៍នគរបាលរដ្ឋបាល ដើម្បីជាការលើកទឹកចិត្តដល់មន្ត្រីទាំងអស់ដែលបានចូលរួមសហការជួយសម្រួលចរាចរណ៍ រៀបចំសណ្តាប់ធ្នាប់ និងរក្សាការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ដោយមិនបានឈប់សម្រាកជួបជុំក្រុមគ្រួសារ ឬទៅលេងស្រុកកំណើតក្នុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ។
ក្នុងឱកាសនោះ ឯកឧត្តមស្នងការក៏បានកោតសរសើរដល់មន្ត្រីទាំងអស់ចំពោះការលះបង់ទាំងកម្លាំងកាយចិត្ត និងពេលវេលា ជាពិសេសត្រូវធានាការពារឲ្យបាននូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ជាពិសេសត្រូវថែរក្សាសុខភាពដោយធ្វើអនាម័យកន្លែងធ្វើការឲ្យបានស្អាតជានិច្ច។
ក្នុងការចុះសួរសុខទុក្ខ និងត្រួតពិនិត្យកម្លាំងនេះឯកឧត្តមស្នងការ ក៏បាននាំយកភេសជ្ជៈ ទឹកបរិសុទ្ធ និងថវិកាមួយចំនួន ដើម្បីផ្តល់ជូនកម្លាំងតាមគោលដៅប្រចាំការសម្រួលចរាចរណ៍ រៀបចំសណ្តាប់ធ្នាប់ និងតាមបណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាលផងដែរ៕