ឯកឧត្តម ហែម ពិសិដ្ឋ បរិច្ចាគប្រាក់បៀវត្ស ១ខែ១លានរៀល រយៈពេល៥ខែជូនក្រសួងសុខាភិបាលដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩
ខេត្តស្វាយរៀង ៖ ឯកឧត្តម ហែម ពិសិដ្ឋ អភិបាលរងខេត្តស្វាយរៀង នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១នេះបានប្រកាសបរិច្ចាគប្រាក់បៀវត្ស ១ខែ ១លានរៀល រយៈពេល៥ខែ ចាប់ពីខែកុម្ភៈ ដល់ខែមិថុនា ឆ្នាំ២០២១ ជូនក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ ជំហានទី២។
ការប្រកាសបរិច្ចាគនេះធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសបន្តកាត់បៀវត្សរយៈពេល ៧ខែទៀត ចាប់ពីខែកុម្ភៈដល់ខែសីហា ជូនទៅក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។
សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណចំពោះ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ទាំងស្ថាប័នស៊ីវិល និងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានបរិច្ចាគដោយការកាត់បៀវត្សទាំងស្រុង ឬមួយផ្នែករយៈពេលខ្លី ឬវែងតាមការស្ម័គ្រចិត្តជួយដល់ការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដែលបង្ហាញឱ្យឃើញនូវសាមគ្គីភាពក្នុងខឿនការពារសុខភាពរបស់ប្រជាជនកម្ពុជា៕