ខេត្តសៀមរាប ៖ ស្របពេលវិបត្តិជំងឺកូវីដ១៩មិនទាន់ត្រូវបានបញ្ចប់ទាំងស្រុង រាជរដ្ឋាភិបាលកម្ពុជាបានជំរុញឲ្យក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងស្ថាប័នពាក់ព័ន្ធដទៃ ត្រូវរួមគ្នាជួយទ្រទ្រង់ដល់ការអភិវឌ្ឍវិស័យអេកូទេសចរណ៍ និងសហគមន៍ទេសចរណ៍ ព្រោះជាគន្លឹះដ៏សំខាន់មួយក្នុងការលើកស្ទួយវិស័យទេសចរណ៍ជាតិ និងជំរុញការអភិវឌ្ឍនៅមូលដ្ឋាន។ខ្លឹមសារនេះត្រូវបានលើកឡើងក្នុងពិធិបិទវេទិកាជាតិអេកូទេសចរណ៍លើកទី៣ នាល្ងាចថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ នៅសណ្ឋាគារសុខាអង្គរ ខេត្តសៀមរាប ក្រោមការរៀបចំដោក្រុមការងារអន្តរក្រសួងគ្រប់គ្រង និងអភិវឌ្ឍន៍សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ (ក.គ.អ.អ.)។ ពិធីនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធាន ក.គ.អ.អ. ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន ឯកឧត្តម ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប តំណាងឯកឧត្តមអភិបាល ទៀ សីហា។អង្គវេទិកាទាំងមូល ដែលមានក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងស្ថាប័នពាក់ព័ន្ធនិង វិស័យឯកជន បានប្ដេជ្ញារួមគ្នាជួយទ្រទ្រង់ដល់ការអភិវឌ្ឍវិស័យអេកូទេសចរណ៍ និងសហគមន៍ទេសចរណ៍ឲ្យមានរីកចម្រើនកាន់តែប្រសើរឡើង។ឯកឧត្តម ជុក ជំនោរ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ផលិតផលទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋាន ក.គ.អ.អ. បានលើកឡើងអំពីលទ្ធផលក្នុងវេទិកាជាតិនេះថា អង្គវេទិកាបានពិភាក្សា និងបានលើកឡើងអំពីកង្វល់នៃផលប៉ះពាល់នៃការថយចុះបរិមាណផ្ទៃដីនៃតំបន់ការពារធម្មជាតិមួយចំនួន ដែលអាចនឹងប៉ះពាល់ទៅដល់ទេសភាពតំបន់អេកូទេសចរណ៍ ព្រមជាមួយការរៀបចំកញ្ចប់ទស្សនកិច្ចទៅកាន់សហគមន៍ដោយពុំបានឆ្លងកាត់ការទំនាក់ទំនង និងប្រើប្រាស់សេវារបស់សហគមន៍ឲ្យបានច្រើន ដូចជាករណីនៅតំបន់ខ្នងផ្សារ និងសហគមន៍ជីផាត និងអារ៉ែង។សម្រាប់កិច្ចពិភាក្សាវគ្គទី១៖* អង្គវេទិកាបានកត់សម្គាល់អំពីឥទ្ធិពលនៃវិបត្តិកូវីដ-១៩ ដែលបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វិស័យទេសចរណ៍ វិស័យដឹកជញ្ជូនផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស សេវាកម្មស្នាក់នៅ សេវាកម្មនាំភ្ញៀវ និងសេវាម្ហូបអាហារជាដើម។* អង្គវេទិកាបានលើកឡើងអំពីការបន្តជំរុញចលនាទេសចរណ៍ផ្ទៃក្នុង ដែលជាយន្តការមួយដ៏សំខាន់ក្នុងបង្កើតប្រាក់ចំណូលបន្ថែមជូនប្រជាពលរដ្ឋ។* អង្គវេទិកាបានលើកឡើងអំពីភាពចាំបាច់ក្នុងការបង្កើនគុណភាពសេវាកម្មនៅតាមសហគមន៍ ដើម្បីជំរុញការរៀបចំកញ្ចប់ទស្សនកិច្ចឲ្យបានកាន់តែប្រសើរ។* អង្គវេទិកាជំរុញការប្រើប្រាស់ឲ្យអស់សក្តានុពលដ៏សម្បូរបែប ដើម្បីទាញយកផលប្រយោជន៍អតិបរមាសម្រាប់វិស័យទេសចរណ៍កម្ពុជាទាំងមូល។* អង្គវេទិកាបានលើកឡើងអំពីលទ្ធភាពក្នុងការដាក់បញ្ចូលតំបន់អភិរក្ស និងតំបន់ព្រៃឈើមួយចំនួន ទៅក្នុងបញ្ជីអង្គការ UNESCO និងក្នុងបញ្ជីបត្រៀមដែលមានស្រាប់ដែលក្រសួងទេសចរណ៍បានធ្វើកន្លងមក។* អង្គវេទិកាជំរុញឲ្យមានការសិក្សាបង្កើតនូវយន្តការគ្រប់គ្រងហិរញ្ញវត្ថុ និងសហគ្រិនភាពនៅតាមមូលដ្ឋាន។* អង្គវេទិកាជំរុញឲ្យមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទៅកាន់សហគមន៍ទេសចរណ៍ ពិសេសបណ្តាញផ្លូវតភ្ជាប់។* អង្គវេទិកាបានទាញចំណាប់អារម្មណ៍ថា សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ជាអនុវិស័យពិសេសមួយ ដែលត្រូវគិតអំពីគុណភាពជាជាងបរិមាណ និងទាមទារឲ្យភ្ញៀវទេសចរទៅតំបន់នោះ ប្រកបដោយការទទួលខុសត្រូវ សម្រាកបានយូរ និងចំណាយច្រើន។* អង្គវេទិកាបានសំណូមពរឲ្យមានយន្តការស្ថាប័នរួមគ្នាទាំងអស់ក្នុងការរៀបចំកញ្ចប់ទស្សនកិច្ចទៅកាន់សហគមន៍ និងប្រើប្រាស់សេវារបស់សហគមន៍ឲ្យបានច្រើន។* អង្គវេទិកាបានផ្តល់អនុសាសន៍ឲ្យគួរគិតគូរបង្កើតនូវទំរង់រួមមួយ (Platform) ដែលគ្រប់ភាគីពាក់ព័ន្ធទាំងអស់អាចចែករំលែកជាមួយគ្នា ដូចជាស្ថាប័នសាធារណៈ វិស័យឯកជន អ្នកសារព័ត៌មានឯករាជ្យ និងអង្គការនានា ដើម្បីស្វែងរកប្រភពហិរញ្ញវត្ថុក្នុងការអភិវឌ្ឍសហគមន៍ និងគំនិតផ្សេងៗ។សម្រាប់កិច្ចពិភាក្សាវគ្គទី២៖* អង្គវេទិកាបានលើកឡើងឲ្យក្រសួងពាក់ព័ន្ធគួរបង្កើតចក្ខុវិស័យរួមមួយ ផ្តោតលើការអភិវឌ្ឍន៍ និងធានាគុណភាពផលិតផលទេសចរណ៍ និងយុទ្ធសាស្ត្របង្កើតផ្សព្វផ្សាយផលិតផលទេសចរណ៍។* អង្គវេទិកាជំរុញការអភិវឌ្ឍវិស័យកសិកម្មដែលមានលក្ខណៈធន់នឹងការផ្លាស់ប្តូរអាកាសធាតុ និងកសិកម្មដែលមានគុណភាពខ្ពស់ និងតម្រូវការទីផ្សារ ព្រមជាមួយការជំរុញវារីវប្បកម្មនៅតាមសហគមន៍។* អង្គវេទិកាជំរុញការអភិវឌ្ឍសហគមន៍មួយផលិតផលមួយ ដើម្បីជំរុញនូវគុណភាពផលិតផល និងតម្រូវការទីផ្សារព្រមជាមួយការជំរុញការដាំដុះ និងប្រមូលផលតាមបែបធម្មជាតិ និងបច្ចេកទេស ដូចជាការចិញ្ចឹមឃ្មុំ និងការប្រមូលអនុផលពីការដាំដើមទ្រាំងជាដើម។* អង្គវេទិកាសំណូមពរឲ្យមានការកំណត់តំបន់សហគមន៍ ដោយមានការបញ្ចូលនូវសកម្មភាពទេសចរណ៍ និងមានផែនការគ្រប់គ្រងច្បាស់លាស់ ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋមូលដ្ឋានលើការពង្រឹងសេវាកម្មអេកូទេសចរណ៍ និងខ្សែចង្វាក់តម្លៃផលិតកម្ម។សម្រាប់កិច្ចពិភាក្សាវគ្គទី៣៖* អង្គវេទិកាជំរុញឲ្យមានកិច្ចសហការគ្នាកាន់តែស្អិតរមួតរវាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ពិសេសក្រសួងទេសចរណ៍ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អគ្គីសនីកម្ពុជា និងក្រសួងពាក់ព័ន្ធផ្សេងៗ។* អង្គវេទិកាជំរុញឲ្យមានការគិតគូរបង្កើតជាមូលនិធិខ្នាតតូចៗសម្រាប់សហគមន៍ ដើម្បីលើកកម្ពស់សកម្មភាពការងារមួយចំនួន ដូចជា ការកសាងសមត្ថភាពរបស់គណៈកម្មការសហគមន៍ ការកសាងបណ្តាញទំនាក់ទំនង គោលនយោបាយ ចូលរួមក្នុងដំណើរការនៃការកែទម្រង់ និងចូលរួមក្នុងវិសោធនកម្ម និងកិច្ចការអភិរក្ស ពិសេសក្នុងបរិបទជំងឺកូវីដ-១៩។* អង្គវេទិកាបានលើកឡើងឲ្យមានការបង្កើនកិច្ចសហការ និងទំនាក់ទំនងរវាសហគមន៍ទេសចរណ៍ ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធ។* អង្គវេទិកាជំរុញលើកទឹកចិត្តដល់សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ប្រើប្រាស់ឲ្យអស់លទ្ធភាពនូវធនធានធម្មជាតិដែលមាន រៀបចំជាបណ្តាញវារីអគ្គិសនីខ្នាតតូចសម្រាប់ប្រើប្រាស់ តាមសហគមន៍ដែរមិនទាន់មានបណ្តាញអគ្គិសនី ដូចជា សហគមន៍អូរជាំ ជាដើម ដើម្បីផ្តល់ផលប្រយោជន៍ដល់សហគមន៍ ក៏ដូចជាប្រជាសហគមន៍ដែលរស់នៅក្នុងតំបន់នោះផងដែរ។* អង្គវេទិកាជំរុញឲ្យមានការចូលរួមពីគ្រប់សហគមន៍ទាំងអស់ក្នុងការគ្រប់គ្រងធនធានធម្មជាតិ។អង្គវេទិកាបានឯកភាពលើការស្នើសុំរាជរដ្ឋាភិបាល ដើម្បីរៀបចំពិធី «បុណ្យអេកូទេសចរណ៍» នៅតាមគោលដៅតំបន់អេកូទេសចរណ៍សំខាន់ៗជារៀងរាល់ឆ្នាំផងដែរ។ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន ក៏បានប្រគល់ជូននូវអាហាររូបករណ៍ជូនលោក ទិត្យ លី ប្រធានសហគមន៍ទេសចរណ៍តំបន់ស្ទឹងអារ៉ែង ដើម្បីជាការលើកទឹកចិត្ត និងជំរុញការចូលរួមបន្ថែមទៀតក្នុងការអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍៕
ព័ត៌មានគួរចាប់អារម្មណ៍
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី (ហង្សនាគ០១)
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី ()
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ (ហង្សនាគ០១)
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ ()
អ្នកមានលុយមានឥទ្ធិពលដាក់បណ្តឹងតែ ១ខែ ១ថ្ងៃតុលាការចេញសាលក្រម រីឯយាយចាស់ម្នាក់ដាក់បណ្តឹងដល់ស្លាប់ខ្លួនទៅហើយនៅតែពុំបានយុត្តិធម៌ (ហង្សនាគ០១)
វីដែអូ
ចំនួនអ្នកទស្សនា