អភិបាលខេត្តចំនួន០៤ ដឹកនាំកិច្ចប្រជុំរួមគ្នាលើការងារកែសម្រួលព្រំប្រទល់រដ្ឋបាលអន្តរខេត្ត
ខេត្តកំពត ៖ ព្រឹកថ្ងៃពុធ ៨រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ នៅសាលាខេត្តកំពត អភិបាលខេត្តចំនួន០៤ (ខេត្តកំពត ខេត្តកំពង់ស្ពឺ ខេត្តតាកែវ និងខេត្តកែប) ដឹកនាំកិច្ចប្រជុំរួមគ្នាលើការងារកែសម្រួលព្រំប្រទល់រដ្ឋបាលអន្តរខេត្ត។
អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមាន ឯកឧត្តម អភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ ដ.ន.ស.ស ខេត្ត អភិបាលស្រុកពាក់ព័ន្ធ និងមន្ត្រីជំនាញ នៃខេត្តចំនួន០៤ (ខេត្តកំពត ខេត្តកំពង់ស្ពឺ ខេត្តតាកែវ និងខេត្តកែប ) សរុប៦៧នាក់។ កិច្ចប្រជុំនេះ មានគោលបំណងកំណត់នូវព្រំប្រទល់រដ្ឋបាលភូមិ ឃុំសង្កាត់ និងស្រុក ក្រុង នៃខេត្តចំនួន០៤ (ខេត្តកំពត ខេត្តកំពង់ស្ពឺ ខេត្តតាកែវ និងខេត្តកែប) ដែលមិនទាន់មានភាពច្បាស់លាស់លើកិច្ចការងារព្រំប្រទល់ដែនសមត្ថកិច្ចរបស់ខ្លួននៅឡើយនោះទេ ដែលធ្វើឱ្យជួបការលំបាកក្នុងគ្រប់គ្រង និងការរៀបចំផែនការអភិវឌ្ឍន៍មូលដ្ឋាននានា។
យោងតាមការណែនាំរបស់ក្រសួងមហាផ្ទៃ ដែលបានជំរុញឱ្យគណៈកម្មការសិក្សាស្រាវជ្រាវកែសម្រួលព្រំប្រទល់ថ្នាក់ខេត្ត ឱ្យធ្វើការសិក្សា និងវាយតម្លៃលម្អិត ឱ្យបានច្បាស់លាស់អំពីស្ថានភាពព្រំប្រទល់រដ្ឋបាល និងភាពចាំបាច់ នៃការកែសម្រួលព្រំប្រទល់រដ្ឋបាល ដែលមិនទាន់បានកំណត់ច្បាស់លាស់ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដោយផ្អែកតាមកត្តាប្រជាសាស្ត្រ និងភូមិសាស្ត្រ ស្របតាមគោលការណ៍ និងនីតិវិធីរួមសម្រាប់ការសិក្សាស្រាវជ្រាវកែសម្រួលព្រំប្រទល់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ សម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ជាពិសេសបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋនៅភូមិឆ្ងាយៗទទួលយកសេវាសាធារណៈ និងផ្តល់ផលប្រយោជន៍ឱ្យប្រជាពលរដ្ឋ និងឱ្យអាជ្ញាធរងាយស្រួលគ្រប់គ្រង សុខសុវត្ថិភាព និងឱ្យឃុំ ភូមិ នៅជិតគ្នាសហការគ្នាល្អ ហើយធ្វើការជាមួយគ្នាឱ្យប្រជាពលរដ្ឋមានភាពរីកចម្រើន។
អង្គប្រជុំបានឯកភាពបង្កើតក្រុមការងារបច្ចេកទេសអន្តរខេត្ត នៃខេត្តកំពត ខេត្តកំពង់ស្ពឺ ខេត្តតាកែវ និងខេត្តកែប ក្នុងការកំណត់ព្រំប្រទល់រដ្ឋបាល ដើម្បីជាមូលដ្ឋានក្នុងការស្រង់ទិន្ន័យមួយច្បាស់លាស់របស់ខ្លួន ដោយផ្អែកតាមកត្តាភូមិសាស្រ្ត និងប្រជាសាស្រ្តស្របតាមគោលការណ៍ និងនីតិវិធីរួមសម្រាប់ការសិក្សាស្រាវជ្រាវកែសម្រួលព្រំប្រទល់រដ្ឋបាលមូលដ្ឋានដោយដោះស្រាយឯកភាពគ្នាជារួម ដោយតម្កល់ផលប្រយោជន៍ជាតិ និងសង្គមទាំងមូល៕