ស្រ្តីជនជាតិចិនម្នាក់នឹងត្រូវបណ្តេញចេញពីកម្ពុជាលែងឱ្យត្រលប់មកវិញជារៀងរហូត
ខេត្តព្រះសីហនុ ៖ ស្រ្តីជនជាតិចិនម្នាក់បានរត់គេចពីខេត្តព្រះសីហនុ សំដៅមករាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១ តាមរថយន្តតាក់ស៊ី និងបានសាងបន្តឱ្យជិះរថយន្តដឹកទំនិញម៉ាក Hyundai (ពាក់ស្លាកលេខភ្នំពេញ 3C-3259 តែត្រូវសមត្ថកិច្ចប្រចាំការត្រួតពិនិត្យគោលដៅព្រំប្រទល់ស្រុកកំពង់សីលា និងស្រុកភ្នំស្រួច បានធ្វើការឃាត់សួរនាំ និងបានបញ្ជូនស្ត្រីជនជាតិត្រឡប់មកគោលដៅដើមដើម្បីធ្វើចត្តាឡីស័កវិញ។ នេះបើតាមការបង្ហោះនៅលើផេករដ្ឋបាលខេត្តព្រះសីហនុ។
រដ្ឋបាលខេត្តបញ្ជាក់ថា ជាវិធានការ គឺត្រូវអនុវត្តតាមអនុក្រឹត្យលេខ២៧ ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលស្តីពីវិធានការចត្តាឡីស័កដើម្បីទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩៖
-ចំពោះស្ត្រីជនជាតិចិននេះ បន្ទាប់ពីបញ្ចប់ការធ្វើចត្តាឡីស័ករួចរាល់ អាជ្ញាធរមានសមត្ថកិច្ចនឹងរៀបចំនីតិវិធីបណ្តេញចេញពីប្រទេសកម្ពុជា លែងឱ្យត្រឡប់ មកវិញជារៀងរហូត។
-ចំពោះអ្នកបើកបររថយន្តដឹកទំនិញ និងអ្នកបើកបររថយន្តតាក់ស៊ី ត្រូវពិន័យអន្តរការណ៍ជាប្រាក់ពី ១០ ០០០ ០០០ (ដប់លាន) រៀល ទៅ ៥០ ០០០ ០០០ (ហាសិបលាន)រៀល ចំពោះអ្នកផ្តើមគំនិត ដឹកនាំ ណែនាំ ញុះញង់ បញ្ចុះបញ្ចូល ឬជួយសម្រួលដោយចេតនា ដល់បុគ្គលដែលត្រូវធ្វើចត្តាឡីស័កឱ្យគេចចេញ ពីការត្រួតពិនិត្យរបស់មន្ត្រីចំត្តាឡីស័ក ឬគេចវេះពីការធ្វើចត្តាឡីស័ក ឬគេចចេញពីកន្លែងធ្វើចត្តាឡីស័ក យោងតាមមាត្រា១១ នៃអនុក្រឹត្យខាងលើ៕