នៅថ្ងៃសុក្រ១២កើតខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម វេង សាខុនរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនិងសហការី បានចូលរួមកិច្ចប្រជុំតុមូល ស្តីពីប្រព័ន្ធស្បៀងឆ្នាំ២០៣០ ក្រោមប្រធានបទ (Building Back Better) ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ កិច្ចប្រជុំនេះរៀបចំដោយធនាគារពិភពលោក សម្របសម្រួលដោយលោកស្រី Mari Pangestu នាយកប្រតិបត្តិនៃធនាគារពិភពលោក ព្រមទាំងមានការចូលរួមដោយ ឯកឧត្តម លោកជំទាវ រដ្ឋមន្រ្តីក្រសួងកសិកម្មនៃប្រទេសឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី ម៉ុងហ្គោលី ប៉ាពូញូហ្គីនេ ហ្វីលីពីន វៀតណាម និងទីម័រខាងកើត និងមានអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) អគ្គលេខាធិការអាស៊ាន និងអង្គការជាតិ និងអន្តរជាតិផងដែរ។ គោលបំណងសំខាន់ក្នុងការរៀបចំកិច្ចប្រជុំតុមូលក្នុងកម្រឹតរដ្ឋមន្ត្រីកសិកម្មអាស៊ីប៉ាស៊ីហ្វិកនេះគឺដើម្បីពិភាក្សាលើបញ្ហានានានិងស្វែងរកជម្រើសនិងសកម្មភាពជាអារទិភាពដើម្បីធានាអោយបាននូវនិរន្តរភាពនៃសន្តិសុខស្បៀងអាហារ និងអាហារូបត្ថម្ភ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានថ្លែងសុន្ទរកថាគន្លឺះស្តីពីផែនការ និងគោលនយោបាយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទក្នុងការឆ្លើយតប និងប្រយូទ្ធប្រឆាំងកូវិដ១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយបានបញ្ជាក់យ៉ាងច្បាស់ពីជំហររបស់រាជរដ្ឋាភិបាលកម្ពុជាដែលបានដាក់ចេញនូវយុទ្ធសាស្ត្រមួយចំនួន សំដៅប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ទប់ស្កាត់ការឆ្លងរីករាលដាល និងការការពារអាយុជីវិតប្រជាជន រក្សាលំនឹងជីវភាពរស់នៅប្រចាំថ្ងៃ ពិសេសសម្រាប់ប្រជាជនក្រីក្រ និងក្រុមជនងាយរងគ្រោះ ព្រមទាំងអ្នកបាត់បង់ការងារ ខិតខំជួយឱ្យអស់លទ្ធភាពដើម្បីធ្វើឱ្យធុរកិច្ចនិងអាជីវកម្មអាចរស់បាន។ ឆ្លើយតបទៅនឹងទិសដៅនេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញ និងបានអនុវត្តកម្មវិធីសាច់ប្រាក់ពលកម្មសម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីដោះស្រាយការងារធ្វើដល់អ្នកបាត់បង់ការងារ កម្មវិធីផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់កម្មករនិយោជិក និងគ្រួសារក្រីក្រ ការជួយរកការងារធ្វើឱ្យកម្មករតាមរយៈទីភ្នាក់ងារជាតិមុខរបរនិងការងារ កម្មវិធីផ្តល់ប្រាក់កម្ចីដែលមានការប្រាក់ទាបដល់សហគ្រាសធុនតូចនិងមធ្យម និងកសិកម្ម ការផ្តល់ធនធានបន្ថែមសម្រាប់ការបង្កើនផលិតកម្មស្បៀង និងការលើកលែងពន្ធមួយចំនួនទៀតផងដែរ។ ស្ថិតក្នុងបរិបទនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិងកំពុងអនុវត្តគម្រោងឆ្លើយតបបន្ទាន់ទៅនឹងជំងឺកូវីត១៩ផងដែរ តាមរយៈការអនុវត្តក្របខ័ណ្ឌគម្រោងពិពិធកម្មកសិកម្មកម្ពុជា ដែលគាំទ្រហិរញ្ញប្បទានសហប្រតិបត្តិការពីធនាគារពិភពលោក។ឯកឧត្តមរដ្ឋមន្ត្រីក៏បានបញ្ជាក់ផងដែរថា ទោះជាកម្ពុជានៅមានបញ្ហាប្រឈមមួយចំនួនក្នុងការអភិវឌ្ឍវិស័យកសិកម្ម ពិសេសគឺផលិតភាពកសិកម្មនៅមានកម្រិត និងការប្រកួតប្រជែងទីផ្សារនៃផលិតផលកសិកម្មនៅពុំទាន់ដោះស្រាយបានល្អប្រសើរ ដែលទាំងនេះជាហេតុធ្វើឱ្យកសិករកម្ពុជាមានការលំបាក។ ហេតុនេះ ដើម្បីឆ្លើយតប និងដោះស្រាយរាល់បញ្ហាប្រឈមដែលកំពុងរាំងស្ទះដល់កំណើននៃការអភិវឌ្ឍក្នុងវិស័យកសិកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបាន និងកំពុងផ្តោតជាសំខាន់លើការងារអាទិភាពមួយចំនួនរួមមាន៖១- ជំរុញការអភិវឌ្ឍដំណាំស្រូវ ដំណាំសាកវប្បកម្មនិងដំណាំឧស្សាហកម្ម ដោយលើកកម្ពស់ផលិតភាព គុណភាព និងសុវត្ថិភាព ដើម្បីផ្គត់ផ្គង់តម្រូវការប្រើប្រាស់ និងទីផ្សារក្នុងស្រុក តាមរយៈការប្រើប្រាស់ពូជដំណាំមានគុណភាព ការធ្វើពិពិធកម្មប្រភេទដំណាំ ការអនុវត្តបច្ចេកទេសទំនើប ការលើកកម្ពស់ការអនុវត្តកសិកម្មល្អ និងការផ្តល់សេវាបច្ចេកទេសកសិកម្មថ្មី និងបច្ចេកវិទ្យាវៃឆ្លាតធន់នឹងអាកាសធាតុដល់កសិករ និងសហគមន៍កសិកម្ម។ ពង្រឹងវិធានការការពារដំណាំ អនាម័យ និងភូតគាមអនាម័យ ដើម្បីកាត់បន្ថយការរាតត្បាតសមាសភាពចង្រៃ ព្រមទាំងត្រូវត្រៀមបម្រុងគ្រាប់ពូជដំណាំសម្រាប់ចែកជូនដល់កសិករ ដើម្បីស្តារផលិតកម្មដំណាំនៅតាមតំបន់ដែលរងគ្រោះដោយសារកត្តាធម្មជាតិ។ បន្ថែមលើសពីនេះ ក្រសួងបន្តជួយដល់ប្រជាកសិករតាមគ្រប់រូបភាពសំដៅដល់ការបង្កើតកសិដ្ឋានថ្មីៗ ព្រមទាំងគាំទ្រ និងពង្រីកទំហំផលិតកម្មស្បៀងដែលឆាប់ផ្តល់ផលសម្រាប់ផ្គត់ផ្គង់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។២- ជំរុញការចិញ្ចឹមសត្វ ធានាការផ្គត់ផ្គង់សាច់ និងផលិតផលសសាច់ដែលមានគុណភាព អនាម័យ និងសុវត្ថិភាព សម្រាប់បំពេញតម្រូវការហូបចុករបស់ប្រជាពលរដ្ឋ លើកទឹកចិត្តដល់ប្រជាកសិករដែលចិញ្ចឹមសត្វជាលក្ខណៈគ្រួសារឱ្យបង្កើនការចិញ្ចឹម និងឈានទៅប្រែក្លាយទៅជាការចិញ្ចឹមសត្វជាលក្ខណៈពាណិជ្ជកម្ម។ ជំរុញផលិតកម្មចំណីសត្វ បង្កើនទុនសម្រាប់ការទិញវត្ថុធាតុដើមក្នុងស្រុក ធានានូវគុណភាព សុវត្ថិភាព និងមានតម្លៃសមស្រប។៣- ជំរុញការអភិវឌ្ឍវារីវប្បកម្មគ្រប់រូបភាពដល់ប្រជាកសិករ និងអ្នកវិនិយោគ ដើម្បីធានាបាននូវការផ្គត់ផ្គង់ត្រី រក្សាបានតុល្យភាពតម្លៃទីផ្សារ ព្រមទាំងធានាបាននូវគុណភាព និងសុវត្ថិភាពដល់អ្នកបរិភោគ បង្កើនការផលិតកូនត្រីពូជឱ្យបានគ្រប់គ្រាន់ ដើម្បីចែកចាយដល់កសិករនៅតំបន់ដែលមានសក្តានុពលក្នុងការធ្វើវារីវប្បកម្ម ផ្តល់ការគាំទ្រទាំងផ្នែកបច្ចេកទេស និងធនធានហិរញ្ញវត្ថុដល់សហគមន៍នេសាទ ដើម្បីបង្កើនប្រាក់ចំណូលបន្ថែម។៤- រៀបចំកសាងគម្រោង ផែនការផលិតកម្មស្បៀង ស្របតាមផែនការមេវិស័យកសិកម្មឆ្នាំ២០៣០ និងជំរុញការអនុវត្តផែនការសកម្មភាពនេះ ដើម្បីបង្កើនផលិតកម្មស្បៀងអាហារ (បន្លែ ផ្លែឈើ ត្រី សាច់) សម្រាប់ផ្គត់ផ្គង់សេចក្តីត្រូវការហូបចុកក្នុងប្រទេសឱ្យបានគ្រប់គ្រាន់ក្នុងបរិការណ៍នៃជំងឺកូវីដ-១៩នេះ។ក្នុងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាឯកឧត្តមរដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះធនាគារពិភពលោក អង្គការស្បៀងនិងកសិកម្មនៃសហប្រជាជាតិ លេខាធិការដ្ឋានអាស៊ាន ព្រមទាំងបណ្តាប្រទេសជាមិត្តដែលមានវត្តមានក្នុងកិច្ចប្រជុំតុមូលនេះដែលជានិច្ចជាកាលបានខិតខំនិងសហការយ៉ាងល្អក្នុងការធានាបាននូវប្រព័ន្ធស្បៀងសម្រាប់ប្រទេសរៀងខ្លួនៗដើម្បីរួមចំណែកដល់ការធានាបាននូវសន្តិសុខស្បៀងជាសាកល៕
ព័ត៌មានគួរចាប់អារម្មណ៍
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី (ហង្សនាគ០១)
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី ()
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ (ហង្សនាគ០១)
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ ()
អ្នកមានលុយមានឥទ្ធិពលដាក់បណ្តឹងតែ ១ខែ ១ថ្ងៃតុលាការចេញសាលក្រម រីឯយាយចាស់ម្នាក់ដាក់បណ្តឹងដល់ស្លាប់ខ្លួនទៅហើយនៅតែពុំបានយុត្តិធម៌ (ហង្សនាគ០១)
វីដែអូ
ចំនួនអ្នកទស្សនា